(កណ្តាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិតេជោ គឺជានិមិត្តរូបនៃការរីកចម្រើនរបស់កម្ពុជា ដោយសារកម្ពុជាមានសន្តិភាព បើប្រទេសគ្មានសន្តិភាព មិនបាច់ធ្វើព្រលានយន្តហោះតម្លៃ ១,៥០០លានដុល្លារនោះទេ។

ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពចុះត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «សមិទ្ធផលទាំងនេះព្រលានយន្តហោះថ្មី (អាកាសយានដ្ឋានអន្តរជាតិតេជោ) វាជានិមិត្តរូប នៃការរីកចម្រើនរបស់ប្រទេសយើង កន្លែងនេះជានិមិត្តរូបនៃការប្រែក្លាយប្រទេសដែលសង្គ្រាម ការប្រយុទ្ធគ្នា ប្រទេសដែលប្រជាពលរដ្ឋទសវត្សទី៧០ ព្រលានយន្តហោះយើងប្រើប្រាស់សម្រាប់ដឹកមនុស្សចេញទេ […] ក្រោយមកយើង (កម្ពុជា) មានការអភិវឌ្ឍហើយព្រលានយន្តហោះនេះធ្វើថ្មី គឺដោយសារកម្ពុជាមានសន្តិភាព បើប្រទេសគ្មានសន្តិភាព យើងមិនបាច់ធ្វើព្រលានយន្តហោះតម្លៃ ១,៥០០លានដុល្លារទេ សូម្បីក្រុមហ៊ុនមិនហ៊ានដាក់ទុនផង ស៊ូទុកលុយនៅក្រៅប្រទេស»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងថា យន្តហោះអាមេរិក បានចុះនៅប្រទេសកម្ពុជា ពេលមានសង្គ្រាម ភាគច្រើន គឺចុះដឹកជម្លៀសប្រជាពលរដ្ឋ។ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្មី គឺជានិមិត្តរូបនៃការប្រែក្លាយប្រទេសមានសង្គ្រាមការប្រយុទ្ធគ្នា ប្រទេសដែលកាលអំឡុងឆ្នាំ៧០ ព្រលានយន្តហោះភាគច្រើន ប្រើដើម្បីដឹកប្រជាពលរដ្ឋចេញទេ ទៅជាប្រទេសត្រូវបន្ថែមពង្រីកអាកាសយានដ្ឋានទទួលភ្ញៀវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ជានិមិត្តរូបបង្ហាញឱ្យឃើញជំនឿចិត្តរបស់អ្នកវិនិយោគលើសុខសន្តិភាព និងស្ថេរភាពនៅកម្ពុជា។ ដូច្នេះ អ្នកវិនិយោគិនហ៊ានយកថវិកាដ៏ច្រើនមកវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ អាកាសយន្តដ្ឋាន គឺដោយសារបានមើលឃើញគិតវែងឆ្ងាយទៅអនាគតថា កម្ពុជាមានស្ថេរភាព និងសន្តិភាពទៅមុខទៀត ទើបក្រុមអ្នកវិនិយោគិនបណ្តាក់ទុនវិនិយោគ ត្រង់ចំណុចនេះ គឺជានិមិត្តរូបដ៏ធំណាស់។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់ទីតាំងដែលសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោនេះ គ្រាមុនបើកការដ្ឋាន ក៏មានបន្សល់នូវកាក់សំណល់សង្គ្រាម ប៉ុន្តែ ក្រោមដំបូលសន្តិភាព បច្ចុប្បន្ននេះ បាននឹងកំពុងប្រែក្លាយជាទីតាំងយន្តហោះធំៗដែលដឹកភ្ញៀវទេចរ សម្រាប់ចុះចត និងជាកន្លែងដែលមានចលនាជីវិតរស់រវើក ជាដើម។

សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា តាមផែន​ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល ផ្លូវក្រវាត់​ក្រុងទី៣ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ហើយគ្រោងវិនិយោគគម្រោង​ផ្លូវនាវាភ្ជាប់​ពីទន្លេទៅសមុទ្រ នៅជិតតំបន់ព្រលានយន្តហោះតេជោ ដែលមានផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសជិតគ្នា។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោជាប្រភេទ 4F គឺប្រភេទអាកាសយានដ្ឋានធំ អាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្ត​ហោះ​ធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍ​ព្រលានយន្តហោះថ្មីនេះ​ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ សម្រេចបានប្រមាណ ៦៦ភាគរយ និងបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លានដុល្លារ​អាមេរិក៕