(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញចុះត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចហ៊ានអួតពីសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ ព្រោះជាសមិទ្ធផលលើកដំបូងដែលកម្ពុជាមានព្រលានយន្តហោះខ្នាតអន្តរជាតិលេខ១ដូចនេះ ហើយវាក៏កំពុងបង្ហាញរូបរាងជាក់ស្តែងនៅលើទឹកដីកម្ពុជា។

ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋាននេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ឥលូវតិចទៀតមានអ្នកថាខ្ញុំអួតទៀតហើយ ខ្ញុំសុខចិត្តថាខ្ញុំអួតក៏អួតចុះ ព្រោះខ្ញុំអួតមែន ព្រោះកម្ពុជាយើងមិនដែលមានព្រលានយន្តហោះខ្នាតអន្តរជាតិលេខ១ ដូចនេះទេ យើងធ្វើបានប៉ុណ្ណោះបងប្អូនយើងរួមគ្នាធ្វើបានប៉ុណ្ណេះ ខ្ញុំហ៊ានអួតព្រោះខ្ញុំមិនខ្លាច ព្រោះជារបស់ខ្មែរលើទឹកដីខ្មែរ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បើសិនគេថាសម្តេសអួតខ្យល់ មិនដឹងនិយាយថាយ៉ាងណាទៀតនោះទេ ព្រោះសមិទ្ធផលបានចេញជារូបរាងច្រើនហើយមកដល់ពេលនេះ, សម្តេចហ៊ានអួតដូចនេះ ព្រោះរដ្ឋាភិបាលបានព្យាករ និងមានចក្ខុវិស័យរួចហើយនៅពេលដែលព្រលានយន្តហោះនេះធ្វើរួចនៅឆ្នាំក្រោយនោះ និងមានមនុស្សរាប់លាននាក់មកទីនេះ ហើយច្រើនឆ្នាំបន្តបន្ទាប់ទៀតវានឹងចាប់ផ្តើមបំរើដល់ឧស្សាហកម្មក្នុងតំបន់ និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ ខេត្តកណ្តាល និងប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចសាងសង់អាកាស​យាន​ដ្ឋានអន្តរជាតិតេជោនេះឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិ​ថ្មីនេះ ជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លាន​ដុល្លារ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់​លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ​រវាងក្រុមហ៊ុន​សាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេល​នោះផងដែរ។

អាកាសយានដ្ឋានអន្តរជាតិតេជោជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចស្រូបយក និង​ទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត​ហោះ​ធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍​ព្រលានយន្តហោះថ្មីនេះ​ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការ​សាង​សង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លាន​ដុល្លារ​អាមេរិក៕