(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកអំពីដំណើរទេសចរណ៍ របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាល់បានីស៊ី (Anthony Albanese) ធ្លាប់មកកម្ពុជា នៅឆ្នាំ១៩៨៧ ដែលពេលនោះ មិនស្ទះមនុស្សធ្វើដំណើរស្រួល តែពេលដើរលេងនៅអង្គរ ឮសូរគ្រាប់កាំភ្លើងប្រយុទ្ធគ្នា។

ការរំលឹកបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញត្រួតពិនិត្យ ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា សម្ដេចបានជួបជាមួយ លោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី ហើយគាត់បានប្រាប់ថា គាត់បានមកលេងនៅកម្ពុជា នៅអង្គរវត្ដ កាលពីឆ្នាំ១៩៨៧ ដែលពេលនោះ អត់មានមនុស្សចង្អៀតទេ នៅអង្គវត្ដ ប៉ុន្ដែកំពុងមើលៗ ឮសូរគ្រាប់ភ្លើងប្រយុទ្ធគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ដទៀតថា លោក អេនថូនី អាល់បានីស៊ី ​បានប្រាប់សម្ដេចថា គាត់ភ័យ ប៉ុន្ដែអ្នកនាំគាត់ (ហ្គាយ) ទៅលេងនៅអង្គរវត្ដនោះ អត់ភ័យនោះទេ ព្រោះគិតថា សម្លេងហ្នឹងជារឿងធម្មតា ព្រោះនៅជិតអង្គវត្ដ ជាកន្លែងបាញ់គ្នានៅឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំជួបជាមួយ លោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី គាត់មកស្រុកខ្មែរឆ្នាំ១៩៨៧ គាត់ប្រាប់ថា កាលពីគាត់មក កាលហ្នឹងគាត់មក មិនមែនជានាយករដ្ឋមន្ដ្រីទេ គឺគាត់មកទេសចរណ៍ ដែលចូលតាមច្រកវៀតណាម គាត់ថា ឆ្នាំ១៩៨៧ ស្រួលអត់មានមនុស្សចង្អៀតនោះទេ នៅអង្គវត្ដ តែកំពុងមើលៗ ឮសូរគេបាញ់កំភ្លើងយុទ្ធ ប្រហែលប៉ុន្មានគីឡូដីពីកន្លែងគាត់ គាត់ភ័យ ប៉ុន្ដែអ្នកនាំគាត់ អត់ភ័យនោះទេ ព្រោះថា ហ្នឹងជារឿងធម្មតា ព្រោះនៅជិតអង្គវត្ដ ជាកន្លែងបាញ់គ្នានៅឡើយ»

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងដែរថា នេះហើយជាផលភាគនៃសន្ដិភាព ដែលយើងទាំងអស់ ត្រូវថែរក្សាឲ្យបាន៕