(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ បានលើកឡើងថា បច្ចុប្បន្ន ការចូលរួមរបស់ស្ត្រីលើគ្រប់វិស័យមានការកើនឡើង រាជរដ្ឋាភិបាលបានលើកទឹកចិត្ត បង្កើនសមត្ថភាព និងជំរុញស្រ្តីឱ្យទទួលយកនូវភាពក្លាហានចូលរួមលើគ្រប់វេទិកា គ្រប់ផ្នែកក្នុងសង្គម ព្រមទាំងវេទិកាជាតិ និងអន្តរជាតិនានា។

ជាពិសេសក៏បានលើកកម្ពស់តួនាទីស្ត្រី និងក្មេងស្រីឱ្យចូលរួមកាន់តែច្រើនឡើងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចបាននូវសមភាព នៃគម្លាតយេនឌ័រ និងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឱ្យបានកាន់តែច្រើនថែមទៀត។

ការលើកឡើងបែបនេះរបស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ របស់អង្គភាពអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ។

នាឱកាសនោះដែរឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានថ្លែងថា «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» គឺជាយុទ្ធនាការផ្សព្វផ្សាយ ក៏ដូចជាការជម្រុញលើកទឹកចិត្ត ដើម្បីលើកកម្ពស់សិទ្ធិស្ត្រ និងក្មេងស្រីនាយុគសម័យឌីជីថល ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការចូលរួមជាដំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានបន្តថា បច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន និងបានក្លាយជាកត្តាគន្លឹះក្នុងការតភ្ជាប់សង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកឱ្យកាន់តែខិតជិតគ្នា និងពាក់ព័ន្ធគ្នាទៅវិញទៅមក មិនតែប៉ុណ្ណោះវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការប្រាស្រ័យទាក់ទង និងផ្សាភ្ជាប់រវាងប្រទេស និងប្រទេស សង្គម និងសង្គម មនុស្ស និងមនុស្ស ព្រមទាំងបង្កើនប្រលិតភាព និងជំរុញឱ្យកើតមានជាបែបផែនផ្សេងៗនៃសេដ្ឋកិច្ច (ពិពិធកម្មសេដ្ឋកិច្ច) និងការបង្កើតការងារសំដៅជំរុញវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

ទន្ទឹមនឹងនេះដែរ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចជាគោលនយោបាយជាតិសំខាន់ៗ និងស្របតាមក្នុងការកសាងមូលដ្ឋានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន និន្នាការសកលក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល។

ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានបន្ថែមថា ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និង «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥» ដែលជាផែនទីបង្ហាញផ្លូវ និងជាក្របខណ្ឌការងារនៃការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញយកប្រយោជន៍ជាអតិបរិមាពីបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ដែលនេះជាសក្ខីភាពបង្ហាញឱ្យឃើញថា ប្រធានបទសម្រាប់ពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនាឆ្នាំនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ ហើយក៏ផ្សាភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី៕