(កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ភាពរីកចម្រើនរបស់កម្ពុជាដែលមាននាពេលបច្ចុប្បន្ននេះ គឺបានមកពី​ផលលាភនៃសន្តិភាព ហើយត្រូវរួមគ្នាថែទាំសុខសន្តិភាព ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍ប្រទេសទៅមុខទៀតសម្រាប់កូនជំនាន់ក្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែតថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះ​អន្តរជាតិតេជោ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ឆ្លើយតបនឹងសំណួរមួយដែលមានអ្នកសួរសម្តេចថា ​តើផលលាភបានពីសន្តិភាពមានអីខ្លះ?​ សម្តេចធិបតីបានមានប្រសាសន៍ថា ការរីកចម្រើននៃទីក្រុង ការលូតលាស់នៃសំណង់អគារនានា ប្រជាជនមិនព្រួយបារម្ភពីការបាញ់គ្នា​ កន្លែងដែលធ្លាប់មានមីន ត្រូវបានដោះយកអស់ ហើយភ្ញៀវទេសចរអាចដើរលេងកម្សាន្តបានដោយរីករាយ ដោយគ្មានភ័យខ្លាចនឹងស្នូកាំភ្លើង។ ទាំងនេះ គឺជាផលលាភនៃសន្តិភាព​។ ​

សម្តេចមានប្រសាសន៍ទៀតថា៖«គាត់សួរសំណួរមួយថាតើផលលាភបានពីសន្តិភាពមានអីខ្លះ ខ្ញុំហៅគាត់ងើបឈរដើរមើលជុំវិញហ្នឹង ហើយគាត់អង្គុយវិញ ខ្ញុំសួរថាឃើញអីខ្លះ? ឃើញទីក្រុង ឃើញភ្លើងឃើញអីជាដើម បានខ្ញុំប្រាប់គាត់ថា អ្នកឯងអង្គុយនៅជាន់ទី៣៧នៃអគារទំនើបលក្ខណៈអន្តរជាតិនៅក្នុងម៉ាស៊ីនត្រជាក់ នេះហើយជាផលលាភនៃសន្តិភាព។ បងប្អូនទើបមកលេងពីសៀមរាប ដោយគ្មានព្រួយបារម្ភពីការបាញ់គ្នានេះហើយជាផលលាភនៃសន្តិភាព។ ខ្ញុំជួបជាមួយនាយករដ្ឋមន្រ្តី អាល់បានីស៊ីរបស់អូស្រ្តាលី គាត់មកស្រុកខ្មែរ កាលឆ្នាំ៨៧ គាត់ប្រាប់ថា កាលពីបេលគាត់មកជាលក្ខណៈភ្ញៀវទេសចរ ចូលតាមប្រទេសវៀតណាម ស្រួលអត់មានមនុស្សចង្អៀតទេនៅអង្គរវត្តទេ តែកំពុងមើលៗមានគេបាញ់កាំភ្លើងយន្ត ប្រហែលប៉ុន្មានគីឡូដីពីកន្លែងគាត់ គាត់ភ័យ ប៉ុន្តែមគ្គទេសក៍ដែលគាត់ជូនដើរអត់ភ័យទេ ថាដូចជារឿងធម្មតា»

សម្តេចគូសបញ្ជាក់បន្ថែមថា ផលលាភដែលបានមកពីសន្តិភាពនេះ យើង​ត្រូវថែរក្សាឱ្យបាន ហើយយកផលលាភនៃសន្តិភាពនេះ ប្រែក្លាយជាឱកាស ដើម្បីជំរុញការអភិវឌ្ឍន៍ ធ្វើឱ្យសម្បូរសប្បាយ សម្រាប់កូនចៅ​ជំនាន់ក្រោយ៕​