(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំកម្មវិធី«សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤» រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយភាគីពាក់ព័ន្ធ ប្រមូលធាតុចូលសំខាន់ សម្រាប់បន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង។

កម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤»​ បានរៀបចំឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងនិយោជក និយោជិត, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល សិស្សនិស្សិត ​ដែលបានចូលរួម​ផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ។

លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤នេះ» ជាវេទិកាសម្រាប់កិច្ចពិភាក្សា និងផ្លាស់ប្តូរទស្សនវិស័យ គោលនយោបាយ ការអនុវត្ត និងចែករំលែកចំណេះដឹង និងបទពិសោធ ជាពិសេសពាក់ព័ន្ធនឹងវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា និងបណ្តាប្រទេសផ្សេងៗ ទាំងក្នុងតំបន់ និងលើសកលលោក។

លោកស្រីបន្តថា «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤» នេះ បានកំណត់យក «បន្តកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់» ជាមូលបទសម្រាប់កិច្ចពិភាក្សា ដែលមានវាគ្មិនជាតិ និងមកពីប្រទេសក្នុងតំបន់ និងត្រូវបានរៀបចំរយៈពេល ២ថ្ងៃពេញ។ ​

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​បានមានប្រសាសន៍ថា សប្ដាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៤ នេះ គឺជាការប្រារព្ធលើកទី៣ហើយ ចាប់តាំងពីការបង្កើតក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីឆ្នាំ២០១៧មក ។ ការរៀបចំសប្តាហ៍គាំពារសង្គមកម្ពុជាចំនួន ២លើកកន្លងទៅ ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ និងធាតុ​ចូលសំខាន់ៗ ដែលត្រូវបានប្រើប្រាស់ ក្នុងការបន្តគិតគូរសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តថា ជាមួយនឹងជោគជ័យនាពេលកន្លងទៅ​ ការរៀបចំសប្តាហ៍គាំពារសង្គមកម្ពុជា នៅឆ្នាំនេះ បានបោះជំហានមួយកម្រិតទៀត ទៅថ្នាក់តំបន់ ដោយមានការ​ចូលរួមពីអ្នកជំនាញ មកពីបណ្តាប្រទេសនានា, ជាពិសេស ប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និង មានការចូលរួមពីតំណាងនិយ័តករ, ប្រតិបត្តិករ, អង្គភាពជំនាញ, ក៏ដូចជាដៃគូជាតិ និងអន្តរជាតិ​ជាមួយនឹងកិច្ចពិភាក្សា លើប្រធានបទពាក់ព័ន្ធ,ទាំងក្នុងកម្មវិធីថ្ងៃនេះ និងថ្ងៃស្អែក ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍បន្ថែមទៀតថា​ ការរៀបចំសប្តាហ៍គាំពារសង្គមនេះ គឺជាផ្នែកមួយនៃការចូលរួមពង្រឹងគោល​ការណ៍អភិបាលកិច្ចល្អ នៅក្នុងប្រព័ន្ធគាំពារសង្គម ដែលបង្កើតឱកាស ឱ្យមានកិច្ចពិភាក្សា និងទទួលដឹងឮ អំពីលទ្ធផលនៃការដាក់ចេញនូវគោលនយោបាយនានា ដែលអាចក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់ការបន្តគិតគូរក្នុងការរៀបចំដំណើរទៅមុខឱ្យបានកាន់តែប្រសើរ​៕