(ភ្នំពេញ)៖ លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ និងកាត់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) ឆ្នាំសិក្សា២០២៤-២០២៥ ដោយមានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សា មួយអន្លើដោយ ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម និងមន្ត្រីរាជការ នៃក្រសួងធម្មការនិងសាសនា នៅមណ្ឌលរាជធានីភ្នំពេញ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។

នាឱកាសនោះផងដែរ លោកស្រី ទូច សារ៉ុម បានប្រគេន និងជូនពរបេក្ខសមណៈ បេក្ខជនគ្រប់រូប ឱ្យប្រឡងជាប់ទាំងអស់ ដោយប្រើសមត្ថភាពពិតៗ។

សូមជម្រាបថា ការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិនេះប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ គឺនៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ដែលមានមណ្ឌលចំនួន១៣រួមមាន៖
* មណ្ឌលព្រះសុរាម្រឹត រាជធានីភ្នំពេញ មានសមណសិស្ស ចំនួន ៤៧៣ អង្គ
* មណ្ឌលជម្ពូវនសែនជ័យ រាជធានីភ្នំពេញ មានសមណសិស្ស ២៧១ អង្គ
* មណ្ឌល អ៊ឹង ធួង បាត់ដំបង មានសមណសិស្ស ២៥២ អង្គ
* មណ្ឌលសម្តេច ជួន ណាត កំពង់ចាម មានសមណសិស្ស ២៤១ អង្គ
* មណ្ឌលសម្តេចតេជោ ហ៊ុន សែន វិហារទទឹម ត្បូងឃ្មុំ មានសមណសិស្ស ២១៣ អង្គ
* មណ្ឌលឧត្តមមុនីរតនា អេង ហួយ កំពង់ធំ មានសមណសិស្ស ១៥១ អង្គ
* មណ្ឌលព្រៃវែង មានសមណសិស្ស ១១៦ អង្គ
* មណ្ឌល ជម្ពូព្រឹក្សា ស្វាយរៀង មានសមណសិស្ស ១៤៥ អង្គ
* មណ្ឌលរាជបូណ៌ សៀមរាប មានសមណសិស្ស ១៥៤ អង្គ
* មណ្ឌលសម្តេច ជា ស៊ីម បន្ទាយមានជ័យ មានសមណសិស្ស ១៨៣ អង្គ
* មណ្ឌលសិត្បូ កណ្តាល មានសមណសិស្ស ២៦៧ អង្គ
* មណ្ឌលខេមររង្សី ខេមវន្ត កំពង់ឆ្នាំង មានសមណសិស្ស ២២១ អង្គ
* មណ្ឌលសម្តេច ហ៊ុន សែន ក្រុងច្បារមន មានសមណសិស្ស ២៨០ អង្គ។

បេក្ខសមណៈ បេក្ខជន សរុប ២៩៥៧ អង្គ នៅទូទាំងប្រទេសបានចូលរួមប្រឡង លើវិញ្ញាសាប្រឡងចំនួន ៤ គឺ៖ ភាសាបាលី សរសេរតាមអាន ព្រះវិន័យ និងគណិតវិទ្យា។

គួររំលឹកផងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងការគ្រប់គ្រងនិងការប្រឡងទាំងអស់ដែលរៀបចំឡើងដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ត្រូវបានធ្វើការរឹតបន្តឹង នៅគ្រប់មណ្ឌលសំណេរទាំងអស់ ដោយអនុវត្តយ៉ាងតឹងរឹង តាមព្រះបន្ទូលសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ថា «ពុទ្ធិកសិក្សាគឺជាអាយុជីវិតនិងជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា ដូច្នេះការបណ្តុះបណ្តាលតាមរយៈពុទ្ធិកសិក្សាត្រូវយកគុណភាពប្រសើរជាងបរិមាណ»