(កណ្ដាល)៖ រោងចក្រផលិតស្បែកជើងយីហោ អ.​ជី​ ហ្វូតវែរ​ ខេមបូឌា​ អ.ក ដែលមានកម្មករធ្វើការជាង២ពាន់នាក់ ស្ថិតនៅភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្តកណ្ដាល ត្រូវបានអគ្គិភ័យវាយប្រហារយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង០៤៖៣០នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ផ្អើលអស់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីចេញជួយអន្ដរាគមន៍សង្គ្រោះ ដឹកនាំដោយ លោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ទីតាំងរោងចក្រផលិតស្បែកជើងដែលត្រូវភ្លើងឆេះនេះ មានម្ចាស់ឈ្មោះ ប៉ុលរ៉ាមី​ សុីសុផុន​ អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិ១០​ សង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា ក្រោយទទួលបានដំណឹងអគ្គិភ័យនេះ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក កម្លាំងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត សហការជាមួយគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញអន្ដរាគមន៍ភ្លាមៗដើម្បីជួយសង្គ្រោះ។

ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ ចំនួន៥២ឡាន ដោយក្នុងនោះរួមមាន៖ រថយន្ដស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង, ស្រុកពញាឮ និងស្រុកអង្គស្នួល, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, អធិការដ្ឋាននគរបាលខណ្ឌកំបូល, ខណ្ឌជ្រោយចង្វារ, រថយន្តកោះពេជ្រ, បុរីពិភពថ្មី, តម្រួតបទបញ្ជា, ក្រសួងមហាផ្ទៃ, បញ្ជាការដ្ឋានអង្គរក្ស, អង្គភាព១១៧, អង្គភាពk86, អង្គភាព911, កងពលតូចលេខ៧០, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនខ្មែរបេវើរ៉េសដីស។

តាំងពីវេលាកើតហេតុ រហូតដល់ម៉ោង៤៖៥០នាទីទាបភ្លឺ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ទើបកម្លាំងសមត្ថកិច្ចបានគ្រប់គ្រងទាំងស្រុង។ មូលហេតុដែលសមត្ថកិច្ចលំបាកក្នុងជួយសង្គ្រោះបាញ់ពន្លត់ដោយសារតែយប់ងងឹត និងទីតាំងពិបាកចូល។ ចំពោះករណីនេះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតកម្មករឡើយ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា បើទោះបីគ្រប់គ្រងបានទាំងស្រុងយ៉ាងណាក្ដី ប៉ុន្ដែកម្លាំងជំនាញមិនទាន់ដកចេញពីកន្លែងកើតហេតុនោះទេ ពោលនៅបន្ដកាយ និងបាញ់ពន្លត់ភ្លើងដែលនៅសេសសល់ខាងក្នុងបន្តទៀត។ សម្រាប់ទំហំនៃការខូចខាតវិញ អាគារទំហំ១០០ម៉ែត្រ គុណ២០០ម៉ែត្រ ចំនួន២ខ្នង និងអាគារទំហំ ១២០ម៉ែត្រ គុណ២០០ម៉ែត្រ ចំនួន១ខ្នង ឆេះខូចខាតទាំងស្រុង​៕