(​កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤​ បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យមេីលវឌ្ឍនភាពនៃការសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ​។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតបានបញ្ជាក់ថា កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ បានកំពុងដំណើរការសាងសង់ទៅតាមផែនការ និងពេលវេលាកំណត់បើគិតមកទល់ពេលនេះគម្រោងទាំងមូលសម្រេចបានការសាងសង់ប្រមាណ​ ៩០% ហើយ។

លោកបណ្ឌិតបានបញ្ជាក់ថា សមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តរបស់ខេត្តកែបមួយនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥» ក្នុងការប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ​ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់​។

គួរបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែនៅលើកោះទន្សាយនេះ ជា​គម្រោង​ដែល​គាំទ្រ​ដោយធនាគារអភិវឌ្ឍន៍អាស៊ី( ADB) តាមរយៈគម្រោងនេះ នឹងធ្វើឱ្យកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយប្រកបដោយទំនើបភាព​។

ជាមួយ​គ្នានេះ លោកបណ្ឌិត​អភិបាលខេត្តបានលើកឡើងថា ក្រោមយន្តការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានដាក់ចុះនូវគោលការណ៍ ក៏ដូចជាការចង្អុលបង្ហាញ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភណ្ឌភាព បង្កើតឱ្យមានកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍ កែលម្អបន្ថែមនូវតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរ​ចូលមក​ទស្សនា​កម្សាន្ត​៕