(ស្ទឹងត្រែង)៖ ក្រុមការងារគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ នរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិភាក្សាស្តីពី ការធ្វើបច្ចុប្បន្នភាពដី និងចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។

ក្រុមការងារនេះដឹកនាំលោក សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីសំណាក់លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ព្រមាំងមានមន្ទីរ អង្គភាពពាក់ព័ន្ធចូលរួមជាច្រើនរូបផងដែរ។

នាឱកាសនោះដែរ លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ការចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង គឺមានសារៈសំខាន់បំផុតក្នុងការរួមចំណែកអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

លោកអភិបាលខេត្តបានបន្តថាការជំរុញទៅលើវិស័យដីធ្លីឱ្យកាន់តែមានប្រសិទ្ធភាព ហើយក្នុងនោះក៏ជាការអនុវត្តស្មារតីគោលនយោបាយសម្បទានសង្គមកិច្ច ជូនដល់គ្រួសារកងទ័ព, គ្រួសារអតីតយុទ្ធជន និងគ្រួសារមានការខ្វះខាតដីពិតប្រាកដ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាសម្រាប់ក្នុងខេត្តស្ទឹងត្រែង គឺមាននៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញ។

លោក ស្វាយ សំអ៊ាង បានលើកឡើងថា ខេត្តស្ទឹងត្រែង យើងមានគោលដៅ៥ ដែលជាគោលដៅ សម្បទានដីសង្គមកិច្ចសម្រាប់ជូនគ្រួសារអតីតយុទ្ធជន, គ្រួសារកងទ័ពនៅតាមតំបន់ព្រំដែន ក៏ដូចជា៖ ប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ ដែលការចុះបញ្ជីធ្វើយ៉ាងណាអនុវត្តតាមគោលការណ៍ណែនាំ និងតាមនីតិវិធី៕