(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបាននូវអនាគតមួយដែលគ្មានមីនសម្រាប់ប្រទេសកម្ពុជា, អាជ្ញាធរមីន បានប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធព័ត៌មានគ្រប់គ្រង សកម្មភាពមីន នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមដ៏ទំនើប និងត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួល ប្រសិទ្ធផល និងប្រសិទ្ធភាពនៃប្រតិបត្តិការសកម្មភាពមីននៅទូទាំងប្រទេស។

ប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះ ផ្តោតលើការគ្រប់គ្រងព័ត៌មានប្រតិបត្តិការទីវាល ហើយមានបំពាក់មុខងារថ្មីៗ ជួយគាំទ្របន្ថែមដល់ប្រព័ន្ធ IMSMA CORE ដែលកំពុងដំណើរការពេលបច្ចុប្បន្ន ក្នុងការគ្រប់គ្រងទិន្នន័យ និងប្រសិទ្ធភាពប្រតិបត្តិការ សម្រួលការបោសសម្អាតមីន ជំនួយជនរងគ្រោះ និងដំណើរការរំដោះផ្ទៃដី។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបង្ហាញពីការរំពឹងទុករបស់កម្ពុជាលើការវិវត្តផ្នែកបច្ចេកវិទ្យាយ៉ាងសំខាន់សម្រាប់បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការងារប្រយុទ្ធប្រឆាំង នឹងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា មុននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានការចូលរួមពីប្រទេសចំនួន ១៦៤ និងអង្គការ-ស្ថាប័នសំខាន់ៗជុំវិញពិភពលោក។

ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា «នៅពេលយើងឈរនៅកម្រិតនៃយុគសម័យថ្មីក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសកម្ពុជាគ្មានមីន យើងត្រូវដឹងគុណ និងថ្លែងអំណរគុណចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ និងការប្តេជ្ញាចិត្តឥតងាករេរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា»

ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីនកម្ពុជា គឺជានិមិត្តរូបនៃបដិវត្តន៍បច្ចេកវិទ្យា ហើយវាមិនមែនគ្រាន់តែជាកម្មវិធីមួយ ឬឧបករណ៍មួយប៉ុណ្ណោះទេ វាគឺជាសក្ខីភាពនៃបេសកកម្មរួម របស់យើងក្នុងការធ្វើឱ្យប្រទេសកម្ពុជាគ្មានមីន ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសកម្មភាពមីន និងការរៀបចំផែនការយុទ្ធសាស្ត្រនានា។

ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា មុនឈានឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ កម្ពុជាកំពុងនាំមុខគេក្នុងការច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់វិស័យសកម្មភាពមីន ដែលនេះសបញ្ជាក់ពីការប្តេជ្ញាចិត្ត ឥតងាករេ និងម៉ឺនម៉ាត់របស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេស ការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ទូទាំងពិភពលោក។

ទេសរដ្ឋមន្រ្តី បន្តទៀតថា ភាពជាអ្នកដឹកនាំរបស់កម្ពុជា បានបំផុសគំនិតគំរូថ្មីដើម្បីបញ្ចូលភាពជឿនលឿនផ្នែកបច្ចេកវិទ្យានៅក្នុងសកម្មភាពមីន ជំរុញសហគមន៍ពិភពលោកឆ្ពោះទៅរកដំណោះស្រាយមនុស្សធម៌ ប្រកបដោយភាពច្នៃប្រឌិត ផ្តល់ព័ត៌មាន និងផលប៉ះពាល់បន្ថែមទៀត៕