(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទជួលអគារមួយ ដែលមានជនជាតិចិនជាអ្នកជួល ហើយជនជាតិខ្មែរម្ចាស់ទីតាំង ប៉ុន្តែក្រោមការ សម្របសម្រួលរបស់រដ្ឋបាលខេត្ត ភាគីអ្នកជួលប្រកាន់ជំហរតឹងរឹងមិនព្រមសម្របសម្រួល ទើបចុងក្រោយតុលាការសម្រេចអនុវត្តសាលដីកាចាត់ចែងជាបណ្តោះអាសន្នតែម្តង។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ជូនថា ករណីវិវាទកិច្ចសន្យាជួលដីរវាងភាគីអ្នកជួលដីឈ្មោះ QIU RUIXIAN ភេទប្រុស ជនជាតិចិន និងភាគីម្ចាស់ដីឈ្មោះ គឹម ហោ មានទីតាំងលើក្បាលដីលេខ ១៨០១០៤០៣-០០០៧ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ករណីវិវាទខាងលើនេះមានសាវតាដូចតទៅ៖ នៅអំឡុងឆ្នាំ២០១៨ ឈ្មោះ QIU RUIXIAN ជនជាតិចិន បានជួលដីមួយកន្លែងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីឈ្មោះ គឹម ហៅ ជាភាគីម្ចាស់ដី ហើយបានព្រមព្រៀងគ្នាចុះកិច្ច សន្យាជួលអចលនវត្ថុ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ក្នុងតម្លៃជួល ១៥,០០០$ ក្នុងមួយខែ ដើម្បីសាងសង់អគារស្នាក់នៅរួមកម្ពស់១០ជាន់។

ក្រោយមកដោយមានវិបត្តិជំងឺកូរីដ១៩ បានផ្ទុះឡើង ធ្វើឱ្យឈ្មោះ QIU RUIXIAN ជាភាគីអ្នកជួល មិនបានអនុវត្តកាតព្វកិច្ចបង់ប្រាក់ឈ្នួលទៀងទាត់ និងបានបង់ប្រាក់ឈ្នួលដីបានតែចំនួន ១០ខែ ប៉ុណ្ណោះ ហើយក៏ឈប់បង់ រហូតមក។ ដោយសារការអាក់ខានក្នុងការបំពេញកាតព្វកិច្ចបង់ថ្លៃឈ្នួលដីជូនទៅម្ចាស់ដី នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ភាគីម្ចាស់ដីបានសម្រេចដាក់ពាក្យ ស្នើសុំដីការក្សាការពារទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីស្នើសុំសិទ្ធិគ្រប់គ្រង កាន់កាប់ ប្រើប្រាស់អាស្រ័យផល លើទីតាំងដី និងសំណង់អគារមកវិញ។

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ សាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច តាមការស្នើសុំរបស់ភាគីម្ចាស់ដី បន្ទាប់មកំឈ្មោះ QIU RUIXIAN បានប្ដឹងទៅសាលាឧទ្ធរណ៍ ព្រះសីហនុ លើការចេញសេចក្ដីសម្រេច របស់សាលាដំបូងខេត្តព្រះសីហនុ ប៉ុន្តែជាលទ្ធផល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ព្រះសីហនុ បានសម្រេចតម្កល់តាមសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឈ្មោះ QIU RUIXIAN បានដាក់ពាក្យស្នើសុំកិច្ច អន្តរាគមន៍មក រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជួយអន្តរាគមន៍ដោះស្រាយ។ ក្រោយទទួលបានសំណើរបស់ឈ្មោះ QIU RUIXIAN រដ្ឋបាលខេត្តព្រះសីហនុ បានដាក់កម្មវិធីអញ្ជើញគូភាគីមកជជែកពិភាក្សាសម្រុះសម្រួលជាច្រើនលើក ប៉ុន្តែជាលទ្ធផលគូភាគីវិវាទពុំសះជានឹងគ្នា ដោយឈ្មោះ QIU RUIXIAN ស្នើសុំបង់ថ្លៃឈ្នួលជួលដីចំនួន ៧,៥០០$ ក្នុងមួយខែ និងស្នើសុំលុបប្រាក់បំណុលទាំងអស់សរុបទឹកប្រាក់ប្រមាណ ៩០០,០០០$ ប៉ុន្តែការស្នើសុំនេះភាគីឈ្មោះ គឹម ហោ ជាម្ចាស់ដី ពុំឯកភាពតាមការស្នើសុំទេ ដោយយល់ព្រមបញ្ចុះថ្លៃ ឈ្នួលដីមកត្រឹមចំនួន ១០,០០០$ ក្នុងមួយខែ និងឱ្យភាគីឈ្មោះ QIU RUIXIAN ត្រូវសងប្រាក់បំណុលដែលជំពាក់ ចំនួន ៥០% ជាមុនសិន និងនៅសល់ចំនួន៥០% ទៀត ភាគីអ្នកជួលត្រូវធ្វើការបង់រំលោះតាមខែនីមួយៗ។

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រួមជាមួយក្រុមការងារក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញភាគីទាំងពីរមកសម្រុះសម្រួលជាថ្មីម្តងទៀត ដើម្បីរកដំណោះស្រាយឈ្នះឈ្នះ ដល់គូភាគីទាំងពីរ ប៉ុន្តែជាលទ្ធផលនៅតែពុំអាចរកចំណុចឯកភាពគ្នាដដែល។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសម្រុះសម្រួលម្ដងទៀត និង បានធ្វើបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវលើទីតាំងអគាររបស់ឈ្មោះ QIU RUIXIAN ជាលទ្ធផលរកឃើញថាៈ ទីតាំង អគារមានកម្ពស់ ១០ជាន់ ដែលភាគីអ្នកជួលបានសាងសង់កន្លងមក បច្ចុប្បន្នអគារជាន់ទី១ ដល់ជាន់ទី១០ ឈ្មោះ QIU RUDXIAN បានកំពុងប្រកបអាជីវកម្មសណ្ឋាគារ និងអគារជាន់ផ្ទាល់ដីបានជួលបន្តទៅឱ្យជនជាតិចិន ផ្សេងៗទៀត ដែលអាចរកប្រាក់ចំណូលបានពីចន្លោះ ១០,០០០$ ក្នុងមួយខែ ទៅ ១៥,០០០$ ក្នុងមួយខែ ប៉ុន្តែទោះបីជាភាគី អ្នកជួលទទួលបានចំណូលជាប្រចាំខែពីអាជីវកម្មខាងលើតាំងពីដើមឆ្នាំ២០២៣ បានក៏ដោយ ក៏ភាគីអ្នកជួលនៅត មិនបង់ថ្លៃឈ្នួលដីឱ្យទៅម្ចាស់ដីដដែល។

ក្រោយការធ្វើបទបង្ហាញ នៃលទ្ធផលស្រាវជ្រាវរួចមក អង្គប្រជុំបានផ្តួចផ្តើម ធ្វើការសម្រុះសម្រួលជាលើកចុងក្រោយ ក្នុងនោះភាគីឈ្មោះ គឹម ហោ ជាម្ចាស់ដី បានឯកភាពបញ្ចុះថ្លៃប្រាក់ឈ្នួលដី ពី ១០,០០០$ ក្នុងមួយខែ មកត្រឹមចំនួន ៩,០០០$ ក្នុងមួយខែ និងបញ្ចុះប្រាក់បំណុលដែលភាគីអ្នកជួលដីជំពាក់ ពីមុន សរុបចំនួន ៩០០,០០០$ មកត្រឹមតែ ៣៧០,០០០$ ហើយទុកឱកាសឱ្យភាគីអ្នកជួលដីសងបំណុលត្រឹមត ៥០% នៃចំនួនសាច់ប្រាក់ ៣៧០,០០០$ ជាមុនសិន ដោយឡែក ៥០% ទៀត ទុករយៈពេលឱ្យ ០២ឆ្នាំ ចាំសង រំលោះ ក្នុងនោះផងដែរឈ្មោះ គឹម ហោ ជាភាគីម្ចាស់ដី បានបញ្ជាក់ជូនក្រុមការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ ថា សាច់ប្រាក់ដែលតម្រូវឱ្យភាគីអ្នកជួលសងមកនេះ ដើម្បីយកទៅសងបំណុលធនាគារដូចគ្នា បើពុំដូច្នោះទេ ធនាគារនឹងអនុវត្តនីតិវិធីតាមរយៈសាលក្រមរបស់តុលាការរឹបអូសយកទីតាំងដី និងអគារនេះតែម្ដង។

ជាការឆ្លើយតបនឹង ការលើកឡើងរបស់ភាគីម្ចាស់ដី ឈ្មោះ QIU RUIXIAN ជាភាគីអ្នកជួល នៅតែរក្សាជំហរតឹងរឹង ដោយមិនឯកភាព តាមលក្ខខណ្ឌដែលភាគីម្ចាស់ដីលើកឡើងទេ ដោយខ្លួនស្នើសុំបង់ថ្លៃឈ្នួលដីប្រចាំខែចំនួន ៧,៥០០$ ក្នុងមួយខ និងសងបំណុលត្រឹមតែ ១២០,០០០$ និងសុំសងជាដំណាក់កាលៗ។ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រុម ការងារជំរុញវិនិយោគនៅខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋាន បានបើកកិច្ច ប្រជុំសម្រុះសម្រួលវិវាទខាងលើនេះជាលើកចុងក្រោយ ក្នុងនោះឈ្មោះ QIU RUIXIAN ជាភាគីអ្នកជួលដី នៅតែរក្សា ជំហរយ៉ាងតឹងរឹងដូចកិច្ចប្រជុំដែលរដ្ឋបាលខេត្ត ធ្លាប់បានសម្រុះសម្រួលកន្លងមកដដែល ដូច្នេះអង្គប្រជុំបានសម្រេច បញ្ចូនករណីវិវាទនេះទៅស្ថាប័នតុលាការ ដើម្បីអនុវត្តតាមច្បាប់ដែលមានចែងជាធរមាន។

សរុបជារួម ពាក់ព័ន្ធករណីវិវាទកិច្ចសន្យាជួលដីខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យឃើញថា លោកស្រី គឹម ហោ ជាម្ចាស់ដី មានជំហរសម្របសម្រួលដោយបានបន្ធូរបន្ថយជាបន្តបន្ទាប់លើតម្លៃឈ្នួលដី និង ប្រាក់បំណុលដែលភាគីអ្នកជួលបានជំពាក់ពីមុនមក ប៉ុន្តែឈ្មោះ QIU RUIXIAN ជាភាគីអ្នកជួល នៅតែប្រកាន់ ជំហរតឹងរឹងដោយគ្មានការសម្របសម្រួលដើម្បីឈានដល់ការស្រុះស្រួលគ្នានោះទេ បើទោះបីជាឈោ្មះ QIU RUDXIAN អាចរកចំណូលបានប្រចាំខែពីទីតាំងដីដែលបានជួលខាងលើក៏ដោយ។

តាមប្រភពព័ត៌មានដែលរដ្ឋបាលខេត្តព្រះសីហនុ ទទួលបាននាពេលថ្មីៗនេះឱ្យដឹងថា បុគ្គលឈ្មោះ QIU RUIXIAN បានធ្វើសកម្មភាពបំផុសបំផុលឱ្យអ្នកវិនិយោគ ជាជនជាតិចិនផ្សេងទៀត ដែលបានកំពុងជួលទីតាំងដី និងអគារ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ មិនឱ្យធ្វើការបង់ ថ្លៃឈ្នួលដីទៅឱ្យម្ចាស់ដីដូចគ្នា ដោយប្រើរូបភាពជាសំណង់អគារឋិតក្នុងគម្រោងអគារជាប់គាំង ក្នុងខេត្តព្រះសីហនុ ព្រមទាំងបានរៀបចំផែនការជួលអ្នកសារព័ត៌មានមួយក្រុម ដើម្បីធ្វើការថតរូប និងវីដេអូ ត្រៀមផ្សព្វផ្សាយព័ត៌មាន មួលបង្កាច់លើការសម្រេចរបស់ស្ថាប័នតុលាការ និងការចុះអនុវត្តច្បាប់របស់អាជ្ញាសាលា នៃសាលាដំបូងខេត្ត ព្រះសីហនុ ដែលទង្វើនេះ ជាចេតនាទុច្ចរិតរបស់បុគ្គលឈ្មោះ QIU RUIXIAN ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងរារាំងដល់ ដំណើរការវិនិយោគរបស់វិនិយោគិនបរទេសនៅកម្ពុជា។

សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំអនុវត្តសាលដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ នៅលើទីតាំងវិវាទខាងលើ៕