(ឥណ្ដូនេស៊ី)៖ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឲ្យលោកស្រី Urawadee Sriphiromya ឯកអគ្គរាជទូតថៃប្រចាំអាស៊ាន ដែលចប់អាណត្តិចូលជួបសំដែងការគួរសម និងជម្រាបលា។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណលោកស្រី សម្រាប់ការចូលរួមចំណែកដ៏មានតម្លៃ នៅក្នុងកិច្ចការរបស់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) ព្រមទាំងការដឹកនាំគួរឲ្យសរសើររបស់លោកស្រី ក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ដៃគូសន្ទនាអាស៊ាន-ឥណ្ឌា នាពេលកន្លងមក និងសម្រាប់ដៃគូសន្ទនាអាស៊ាន-ជប៉ុន នាពេលបច្ចុប្បន្ន។

អ្វីដែលគួរឲ្យកត់សម្គាល់យ៉ាងខ្លាំងនោះគឺ ទំនាក់ទំនងអាស៊ាន-ជប៉ុន ត្រូវបានតម្លើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែធ្នូ ឆ្នាំ២០២៣ ដោយមានប្រទេសថៃ ធ្វើជាប្រទេសសម្របសម្រួល។

បន្ទាប់មកបណ្ឌិត កៅ គឹមហួន ក៏បានអនុញ្ញាតឲ្យគណៈប្រតិភូមកពីក្រុមហ៊ុន China International Capital Corporation (CICC) ដឹកនាំដោយលោកប្រធាន Liang Chen ចូលជួបសំដែងការគួរសម។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ស្តីពីនិន្នាការទីផ្សារពេលបច្ចុប្បន្ន និងការពង្រឹងការសម្របសម្រួលផ្នែកវិនិយោគនៅក្នុងតំបន់ ព្រមទាំងកិច្ចការមួយចំនួនទៀត។

បណ្ឌិត កៅ គឹមហួន ក៏បានអនុញ្ញាតឲ្យលោក Paul Thoppil តំណាងពាណិជ្ជកម្មប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហការដែលអាចធ្វើទៅបានដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត រវាងអាស៊ាន និងកាណាដា ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នៃច្រវ៉ាក់ផ្គត់ផ្គង់។

នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បណ្ឌិត កៅ គឹមហួន បានអនុញ្ញាតឲ្យលោក Nguyen Hai Bang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាស៊ាន ចូលជួបពិភាក្សាការងារ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ទស្សនកិច្ចការងារ របស់លោកអគ្គលេខាធិការអាស៊ាន ទៅប្រទេសវៀតណាម នាពេលខាងមុខ តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាម។

នៅក្នុងឱកាសនោះដែរ ស្របពេលដែលឯកអគ្គរដ្ឋទូត នឹងបញ្ចប់អាណត្តិបេសកកម្មនាពេលឆាប់ៗខាងមុខ លោកបណ្ឌិត កៅ គឹមហួន បានថ្លែងអំណរគុណឯកឧត្តម ដែលបានចូលរួមចំណែកនៅក្នុងកិច្ចការគាំទ្រដល់លេខាធិការដ្ឋានអាស៊ាន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់វៀតណាម ក្នុងនាមជាប្រទេសសម្របសម្រួល នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុនពីឆ្នាំ ២០១៨-២០២១ និងអាស៊ាន-ជប៉ុន ពីឆ្នាំ២០២១-២០២៤។

លោកបណ្ឌិត កៅ គឹមហួន ក៏បានអនុញ្ញាតឲ្យលោកស្រី Latifah Zaini ឯកអគ្គរាជទូតព្រុយណេប្រចាំអាស៊ាន ចូលជួបពិភាក្សាការងារ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំ សម្រាប់ទស្សនកិច្ចការងាររបស់លោកអគ្គលេខាធិការអាស៊ាន ទៅប្រទេសព្រុយណេ នៅឆ្នាំ២០២៤ នេះ ព្រមទាំងការងារមួយចំនួនទៀតផងដែរ។

លោក Yasser Hassan Farag Elshemy ឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំអាស៊ាន បានជូនសារតាំងដល់ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានអបអរសាទរលោក Elshemy ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំអាស៊ាន និងបានបញ្ជាក់សាជាថ្មីនូវការត្រៀម លក្ខណៈជាស្រេចរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតអេហ្ស៊ីបប្រចាំអាស៊ាន ដើម្បីជំរុញទំនាក់ទំនងអាស៊ាន-អេហ្ស៊ីប ឲ្យកាន់តែប្រសើរ។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានរៀបចំអាហារពេលល្ងាចជូន លោកស្រី Urawadee Sriphiromya ឯកអគ្គរាជទូតថៃប្រចាំអាស៊ាន និងលោក Nguyen Hai Bang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាស៊ាន ដែលចប់អាណត្តិ ដោយមានការចូលរួមពីគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) ផងដែរ។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានជូនពរលោក និងលោកស្រី ទទួលបាននូវជោគជ័យនៅក្នុងភារកិច្ចថ្មីនាពេលខាងមុខ៕