(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​សម្ពោធ​សមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

មជ្ឈមណ្ឌលជាតិនៃជនពិការ ត្រូវបានបង្កើតឡើងដោយក្រសួងសង្គមកិច្ច ការងារ និង​អតីត​យុទ្ធជន តាមសេចក្តីប្រកាសចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៧ ដើម្បីប្រគល់ស្វ័យភាព​ក្នុងការ​ដឹក​នាំ ផ្តល់សេវា ស្តារលទ្ធភាពពលកម្ម បង្កើនសេដ្ឋកិច្ច រកការងារ និងផ្តល់ការងាជូនជនពិការ ដើម្បីបង​ប្អូន​ជន​ពិការ រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានឱកាសពេញលេញចូលរួមគ្រប់​សកម្មភាពនៅក្នុងសង្គម។

មជ្ឈមណ្ឌលជាតិនៃជនពិការ ត្រូវបានសម្ពោធដាក់ឱ្យអនុវត្តការងារ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩៧។

ដោយឡែកប៉ារ៉ាឡាំពិកកម្ពុជា បានចាប់បដិសន្ធិតាមអនុក្រឹត្យចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៧។ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាជនពិការអាស៊ាន(APSF) គណៈកម្មាធិការកីឡាជនពិការអាស៊ី(AsPC) និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ(IPC) និងក៏ជាសមាជិក របស់សហព័ន្ធកីឡាអន្តរជាតិជាច្រើនទៀត។

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាអង្គការសង្គមស៊ីវិល បង្កើត និងទទួលស្គាល់ ដោយរាជរដ្ឋា​ភិបាលកម្ពុជា និងស្ថិតក្រោមធម្មនុញ្ញអន្តរជាតិ (គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) ដែល បណ្តាប្រទេសលើពិភលោកជាសមាជិក និងមានរចនាសម្ព័ន្ធដូចគ្នានឹងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន មានផ្ទៃដីទំហំ ៥,០០០ម៉ែត្រក្រឡា ស្ថិតនៅក្នុង​ភូមិត្រពាំង ស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមិទ្ធផលសំខាន់ៗដែលត្រូវសម្ពោធរួមមាន៖

* អាគារការិយាល័យធំមួយ ទទឹង ២០ម៉ែត្រ និងបណ្តោយ ២៥ម៉ែត្រ កម្ពស់ពីរជាន់មានចំនួន ១០បន្ទប់ ធំទូលាយ សាលប្រជុំធំដាក់ចំណុះបាន ១០០នាក់ ការិយាល័យសម្រាប់មន្ត្រីចំនួន ៤០នាក់ និង កន្លែង​ទទួលភ្ញៀវ។
* អាគារស្នាក់នៅរបស់ជនពិការ និស្សិតអាហារូបករណ៍ និងអត្តពលិកជនពិការចំនួន ២អគារ មាន ២០​បន្ទប់ អាចស្នាក់នៅបានចំនួន ៨០នាក់ ក្នុងនោះ ៥បន្ទប់ឧបត្ថម្ភដោយអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី
* ទីលានមជ្ឈមណ្ឌលហ្វឹកហាត់កីឡាប៉ារ៉ាឡាំពិក មានទំហំសរុប ២,២២០ម៉ែត្រក្រឡា បាននិងកំពុង ហ្វឹកហាត់កីឡាប៉ារ៉ាឡាំពិក៦ប្រភេទកីឡា គឺលើកទម្ងន់ជនពិការ បូស្យា បាល់ទះអង្គុយ បាល់បោះរទេះ វាយកូនឃ្លីលើតុជនពិការ និងអុកជនពិការ
* ការតុបតែងទីធ្លាទុកជាប្រវត្តិសាស្ត្របានចារឹកថ្មធម្មជាតិជាច្រើនផ្ទាំង រួមមាន៖ សិលាចារឹក​ឈ្មោះមណ្ឌល​ជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សិលាចារឹកសក្ខីភាព​សម្ពោធ​សមិទ្ធ​ផល សម្ដេចធិបតី និងលោកជំទាវបណ្ឌិត សិលាចារឹក​ទុកជា​ប្រវត្តសាស្ត្រទីតាំងធ្វើម្ចាស់ផ្ទះ អាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២ សិលាចារឹកស្ថាបនិកដោយមគ្គុទ្ទេសក៍សន្តិភាព​សម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត សិលាចារឹកឡូហ្គោមណ្ឌលជាតិនៃជនពិការតេជោសែននិងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

ទីតាំងទាំងមូលត្រូវបានបំពាក់ឧបករណ៍គ្រប់ទីកន្លែង មានផាសុកវត្ថុ មានបរិយាបន្នសម្រាប់ជនពិការ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យបរិយាកាសរស់នៅសមរម្យរបស់ជនពិការ៕