(ភ្នំពេញ)៖ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមនឹងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល ទទួលស្វាគមន៍ ឯកឧត្ដម Jacques Pellet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា នៅសណ្ឋាគារភ្នំពេញ នារសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង។

ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងមតិស្វាគមន៍ និងអរគុណដល់ ឯកឧត្តមអគ្គរដ្ឋទូត ព្រមទាំងសហការី ក្នុងជំនួបដ៏មានសារៈសំខាន់ដើម្បីពិភាក្សាលម្អិតលើរបៀបវារៈដែលបានស្នើឡើង ជាពិសេសកិច្ចសហការក្នុងការរៀបចំវេទិកាកម្ពុជា-បារាំង នាពេលខាងមុខនេះ។

ជាកិច្ចបន្ត អ្នកឧកញ៉ា ហ៊ុន ឡាក់ បានធ្វើបទបង្ហាញសង្ខេបអំពីប្រវត្តិសមាគម តួនាទី និងភារកិច្ចស្នូលសំខាន់ៗនៃសមាគមឧកញ៉ាកម្ពុជា ជូនដល់ ឯកឧត្តមអគ្គរដ្ឋទូត និងសហការីជ្រាប។ បន្ទាប់មក អ្នកឧកញ៉ាប្រធាន បានផ្តល់វេទិកាជូនដល់អង្គប្រជុំទាំងមូលដើម្បីពិភាក្សា និងផ្តល់ធាតុចូលឱ្យបានស៊ីជម្រៅទៅតាមរបៀបវារៈនីមួយៗ។

ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត បានអរគុណ និងកោតសរសើរ អ្នកឧកញ៉ាប្រធាន និង ថ្នាក់ដឹកនាំ ដែលបានរៀបចំឱ្យមានជំនួបដ៏សំខាន់នៅថ្ងៃនេះ ជាពិសេស ឯកឧត្តមទូត បានបង្ហាញពីសុទិដ្ឋិនិយម ក្នុងកិច្ចសហការគ្នារវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មបារាំងប្រចាំនៅកម្ពុជា ដើម្បីរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង តាមរយៈការជួយគាំទ្រពីស្ថានទូតផ្ទាល់ និងចាប់ផ្តើមការងារបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះតទៅ។

អង្គប្រជុំទាំងមូលបានជជែកពិភាក្សា និងផ្តល់ធាតុចូលលើខ្លឹមសារនៃរបៀបវារៈទាំងនោះយ៉ាងផុសផុល ប្រកបដោយឆន្ទៈមោះមុតជាពិសេសភាគីទាំងសងខាងបានលើក និងទទួលយកនូវសំណើ ទាំងអស់ដើម្បីធ្វើយ៉ាងណាជំរុញឱ្យកិច្ចប្រជុំនៅថ្ងៃនេះទទួលបានលទ្ធផលផ្កែផ្កា និងបង្កើតឱ្យមានយន្តការក្រុមការងារ សម្រាប់រៀបចំការងារបន្ត។

ក្រោយពីបានបញ្ចប់អង្គប្រជុំដោយជោគជ័យ អ្នកឧកញ៉ាប្រធាន បានអញ្ជើញសមាជិកអង្គប្រជុំទាំងអស់ទទួលទានអាហារពេលល្ងាចផងដែរ ក្រោមបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕