(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Hon. Sara Z. Duterte អនុប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានក្រុមប្រឹក្សាស៊ីមេអូ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិកា លើវិស័យអប់រំ និងពិនិត្យវឌ្ឍនភាពការងារ របស់មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកដល់កម្ពុជា របស់លោកស្រី Hon. Sara Z. Duterte និងបានចាត់ទុកដំណើរទស្សនកិច្ចនេះ ជាការរឹតចំណងមិត្តភាពបន្ថែមមួយកម្រិតទៀត លើវិស័យអប់រំរវាងប្រទេសទាំងពីរ។

ក្នុងឱកាសជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរ បទពិសោធន៍លើការងារអប់រំ ពិសេសផ្ដោតលើការអប់រំកុមារតូច ( Early Childhood Education) និងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមវិទ្យាល័យដែលផ្សារភ្ជាប់ជាមួយឧត្តមសិក្សា ក្នុងភាពជាដៃគូជាមួយស្ថាប័នឯកជន។

ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាលសាធារណរដ្ឋហ្វីលីពីន តាមរយៈ SEAMO TED បានផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជាចំនួន ៦០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ចាជីវៈ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងកាន់តែរីកចម្រើនជាបន្តបន្ទាប់។

ក្នុងឱកាសនេះដែរ លោកស្រី Hon. Sara Z. Duterte អនុប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងអប់រំ បានសម្ដែងក្ដីរំភើបរីករាយសាទរ ចំពោះភាពរីកចម្រើនស្ទើរ គ្រប់វិស័យនៅកម្ពុជា ពិសេសគឺវិស័យអប់រំ ដោយបានបង្ហាញឆន្ទៈ ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែប្រសើរឡើង និងសម្បូរបែប។

ជាកិច្ចឆ្លើយតបលោកបណ្ឌិត ហង់ជួន ណារ៉ុន តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា បានសំដែងការគាំទ្រ ចំពោះសកម្មភាពនានា របស់មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍបច្ចេទេសអប់រំ ដែលរួមចំណែកជាធាតុចូលយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍការអប់រំបច្ចេកទេស នៅកម្រិតមធ្យមសិក្សាឱ្យកាន់តែប្រសើឡើង៕