(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល «មិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោដោយគ្មានការ ជួយជ្រោមជ្រែងនោះឡើយ»។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល​មជ្ឈមណ្ឌលជាតិ​នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២១​ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជនមានពិការភាពទាំងអស់មិនឯកោនោះឡើយ ពោលគឹមានសម្តេចតេជោ និងរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងនៅជាប់ជាមួយជានិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាល «មិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោដោយគ្មានការ ជួយជ្រោមជ្រែងនោះឡើយ»។ ខ្ញុំសូមអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ សូមបន្តរួមគ្នាអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីជនមានពិការភាព, អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ និង យុទ្ធសាស្ត្រទីក្រុងអ៉ីនឈុន ដើម្បីផ្ដល់សិទ្ធិពិតប្រាកដដល់ ជនមានពិការភាព ក៏ដូចជាបង្កើតសហគមន៍មួយដែលមានបរិយាប័ន្ន និង ភាពសុខដុមសម្រាប់ ជនមានពិការភាព ស្របតាមគោលការណ៍ «គ្មានជនណាម្នាក់ត្រូវបានបោះបង់ចោល»។

បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ ដើម្បីធ្វើឱ្យជនមានពិការភាពទាំងអស់ ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាពផងដែរ រួមមាន៖ សិទ្ធិទទួលបានការអប់រំ, ការថែទាំសុខភាព, សេវាយុត្តិធម៌ និងការចូលរួមនៅក្នុងសកម្មភាព - សង្គម សាសនា, កីឡា, សិល្បៈ, នយោបាយ ដោយពេញលេញ និងស្មើភាព។ សម្តេចធិបតី ក៏បានថ្លែងកោតសរសើរកីឡាករ កីឡាការិនី ដែលបានប្រឹងប្រែងលើកកិត្តិយសជូនជាតិមាតុភូមិ ដោយដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡានានា។

ក្នុឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្តល់ថវិកា២០០លានរៀលក្នុងមួយឆ្នាំដំបូង និងបន្តផ្តល់រយៈពេល៣ឆ្នាំទៀត សរុប៨០០លានរៀល ជូនមូលនិធិជនពិការសម្តេចតេជោ សម្រាប់ទ្រទ្រង់មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន។ សម្តេចធិបតី ថែមទាំងបានប្រកាសទទួលយកសំណើធ្វើជាប្រធានកិត្តិយសមជ្ឈមណ្ឌលជាតិ​នៃជនពិការតេជោសែន ផងដែរ៕