(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសទទួលយកដោយរីករាយ នូវសំណើឱ្យសម្តេចធ្វើជាប្រធានកិត្តិយសមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ចំពោះការផ្តល់កិត្តិយសឱ្យខ្ញុំ ធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ខ្ញុំសូមអរគុណចំពោះការផ្តល់កិត្តិយសនេះ ហើយខ្ញុំសុំទទួលដោយរីយរាយចំពោះការងារនេះ»

នាឱកាសនោះដែរជាមួយនឹងសំណើរសុំរក្សាសមិទ្ធផលទីតាំងមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាទីតាំងប្រវត្តិសាស្ត្រសម្រាប់ជនពិការទៅអនាគត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឯកភាពរក្សាទីតាំងមួយនេះទុកជាប្រវត្តិសាស្ត្រ មិនឱ្យមានការដោះដូរទៅកន្លែងផ្សេងទៀតនោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ទៀតថា ទីតាំងនេះជាកន្លែងអំណោយផលមួយសម្រាប់ធ្វើកាងារ និងបានណែនាំឱ្យក្រសួងអប់រំ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ពិនិត្យមើលលើទីលានហ្វឹកហ្វឺនបន្ថែមទៀត ដើម្បីទុកជាសម្បត្តិរបស់ថ្នាក់ជាតិ។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលជាតិនៃជនពិការ ត្រូវបានបង្កើតឡើងដោយក្រសួងសង្គមកិច្ច ការងារ និង​អតីត​យុទ្ធជន តាមសេចក្តីប្រកាសចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៧ ដើម្បីប្រគល់ស្វ័យភាព​ក្នុងការ​ដឹក​នាំ ផ្តល់សេវា ស្តារលទ្ធភាពពលកម្ម បង្កើនសេដ្ឋកិច្ច រកការងារ និងផ្តល់ការងាជូនជនពិការ ដើម្បីបង​ប្អូន​ជន​ពិការ រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានឱកាសពេញលេញចូលរួមគ្រប់​សកម្មភាពនៅក្នុងសង្គម។ មជ្ឈមណ្ឌលជាតិនៃជនពិការ ត្រូវបានសម្ពោធដាក់ឱ្យអនុវត្តការងារ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩៧។

ដោយឡែកប៉ារ៉ាឡាំពិកកម្ពុជា បានចាប់បដិសន្ធិតាមអនុក្រឹត្យចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៧។ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាជនពិការអាស៊ាន(APSF) គណៈកម្មាធិការកីឡាជនពិការអាស៊ី(AsPC) និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ(IPC) និងក៏ជាសមាជិក របស់សហព័ន្ធកីឡាអន្តរជាតិជាច្រើនទៀត។

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាអង្គការសង្គមស៊ីវិល បង្កើតនិងទទួលស្គាល់ដោយរាជរដ្ឋា​ភិបាលកម្ពុជា និងស្ថិតក្រោមធម្មនុញ្ញអន្តរជាតិ (គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) ដែល បណ្តាប្រទេសលើពិភលោកជាសមាជិក និងមានរចនាសម្ព័ន្ធដូចគ្នានឹងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន មានផ្ទៃដីទំហំ ៥,០០០ម៉ែត្រក្រឡា ស្ថិតនៅក្នុង​ភូមិត្រពាំង ស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕