(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល​មជ្ឈមណ្ឌលជាតិ​នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២១​ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍ចំនួន​ ដើម្បីចូលរួមចំណែក​លើកកម្ពស់ និងយកចិត្តទុកដាក់បន្ថែមទៀតដល់ជនមានពិការភាពនៅកម្ពុជា។​ ​

សម្តេចធិបតីបានថ្លែងថា រាជ​ដ្ឋាភិបាលថ្មី នឹងខិតខំបន្ត​គោលការណ៍ និងគោលនយោបាយ ដើម្បីបន្តគាំទ្រដល់​ជនមានពិការភាព ដោយមិនឱ្យអ្នកដែលមានពិការភាពទាំងឡាយណា មិនត្រូវបានយកចិត្តទុកដាក់នោះទេ។ ការពង្រឹងវិស័យពិការភាពនាពេលនេះ គឺជាការចូលរួមគ្នាបង្កើនក្តីសង្ឃឹមបន្ថែមជូនបងប្អូនមានពិការភាពទាំងអស់នូវភាពអង់អាច និងលើកម្ពស់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូ របស់បងប្អូនដែលមានពិការភាព ព្រមទាំងផ្លាស់ប្តូរឱ្យបាននូវការគិតជាវិជ្ជមានប្រកបដោយគុណធម៌សម្រាប់ជនមានពិការភាព។

ដើម្បីរួមចំណែកការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាបន្ននៅក្នុងសហគមន៍ នៅក្នុងដំណើរអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា សម្តេចបានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

ទី១. ខ្ញុំសូមណែនាំដល់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួម និងរៀបចំបទដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ជាសម្បត្តិសម្រាប់ជនមានពិការភាពរបស់យើងប្រើប្រាស់ជាបន្ត និងតរៀងទៅ ទាំងនាពេលបច្ចុប្បន្ន និងអនាគត ។

ទី២. គ្រប់កិច្ចអភិវឌ្ឍទាំងអស់ រួមមានសកម្មភាពសង្គម សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ ត្រូវលើកទឹកចិត្ត និង លើកកម្ពស់ឱ្យមានការចូលរួមជាអតិបរមារបស់ជនមានពិការភាពនៅកម្រិត សហគមន៍ឱ្យបានទូលំទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព និងតួអង្គនៃការអភិវឌ្ឍ។

ទី៣. ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តបង្កើនកិច្ចសហការ ក្នុងការរៀបចំការបណ្តុះបណ្តាល ជំនាញពិសេស និង ប្រើប្រាស់បច្ចេកទេសសមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និង លទ្ធភាពទទួលបានការងារធ្វើជាមួយប្រាក់បៀវត្សខ្ពស់ សំដៅលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ជនមានពិការភាព និងក្រុមគ្រួសារឱ្យបានកាន់តែប្រសើរក៏ដូចជា ធ្វើឱ្យជនមានពិការភាពអាចចូលរួមកាន់តែច្រើន ពេញលេញ និងស្មើសិទ្ធិ ក្នុងទីផ្សារការងារនៅ ក្នុងវិស័យឯកជន និងសាធារណៈ ។

ទី៤. ដើម្បីប្រសិទ្ធភាពនៃការអនុវត្តការងារ, មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ចាំបាច់ត្រូវមានថវិកា ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យ កីឡាជនមានពិការភាព, ជាពិសេសត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ ឆ្នាំ២០២៩ ។ ជាមួយគ្នានេះ​ ខ្ញុំសូមឯកភាពចំពោះការស្នើរបស់មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការបង្កើត «មូលនិធិកីឡាជនពិការតេជោសែន»។

​ទន្ទឹមគ្នានេះសម្តេចបានគូសបញ្ជាក់ថា យោងតាមសំណើរបស់កសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​, លោក យី វាសនា និងបងប្អូនមានពិការភាព​ សម្តេចបានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា​ផងដែរ៕