(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា បេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំ របស់ក្រុមហ៊ុន Leader Energy Holding Berhad (Leader Energy) និងអង្គការសំអាតទន្លេ-សមុទ្រ (River Ocean Cleanup) ចូលរួមចំណែកអនុវត្តយុទ្ធនាការភាពស្អាតលើផ្ទៃទឹករបស់ក្រសួងបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាបែបនេះក្នុងពិធីសម្ពោធ កម្មវិធីសម្អាតទន្លេ នៅកម្ពុជារយៈពេល៥ឆ្នាំ ជាផ្លូវការ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធទី២០ ខែមីនា ឆ្នាំ២០២៤។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចង្អុលបង្ហាញ និងបានណែនាំឱ្យដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក ដែលផ្តោតលើមុំសំខាន់៣ ស្អាត បៃតង និងចីរភាព។ បេសកកម្មសម្អាតទន្លេនេះរួមចំណែកដល់យុទ្ធនាការភាពស្អាតលើផ្ទៃទឹក របស់ក្រសួងបរិស្ថាន និងការឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

«ការចូលរួមពីអ្នកពាក់ព័ន្ធ ពិសេសវិស័យឯកជន និងដៃគូសហការ បានចូលរួមចំណែកយ៉ាងសំខាន់ថែមទៀត ជាពិសេសការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីកសាងសង្គមស្អាត និងឱ្យកម្ពុជាស្អាតស្រស់បំព្រង គ្មានការបំពុល ជាពិសេសការបំពុលដោយប្លាស្ទិកទៅក្នុងទន្លេ»។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិតរដ្ឋមន្រ្តីក្រសួងបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ដើម្បីទទួលបានជោគជ័យក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការជាបន្តបន្ទាប់ ដែលយុទ្ធនាការនោះធ្វើឡើងជាជំហាន ជាយុទ្ធសាស្ត្រ ដើម្បីឈានឆ្ពោះទៅទទួលបានភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ។ ដោយក្នុងនោះត្រូវទប់ស្កាត់ការបញ្ចេញសំរាម ទប់ស្កាត់ការបង្ហូរសំរាម ចូលក្នុងដែនទឹក។

លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា៖ «បើយើងមិនទប់ស្កាត់ទេ យើងចាប់ផ្តើមសម្អាតតែម្តង យើងនឹងមិនទទួលបានជោគជ័យ យើងនឹងមិនឈ្នះនៃការចាក់សំរាមនោះទេ»

លោកបណ្ឌិត បានបន្ថែមថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃទឹក នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដោយផ្តើមចេញពី ការសម្អាតផ្ទៃទឹកបឹងទន្លេសាប តាមរយៈការចាត់វិធានការទប់ស្កាត់ និងលុបបំបាត់សំណល់សំរាមប្លាស្ទិក ហូរចូលក្នុងប្រភពទឹក និងការពង្រឹងការត្រួតពិនិត្យ លើទឹកកខ្វក់ហូរចេញពីរោងចក្រ ឧស្សាហកម្មនានាចូលទៅអូរ ប្រឡាយ បឹង និងទន្លេជាដើម ដែលជាប្រភពទឹក និងប្រូតេអ៉ីនដ៏សំខាន់របស់កម្ពុជា សម្រាប់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា៖ «ប្រសិនបើយើងគ្រប់គ្នាមិនយកចិត្តទុកពីបញ្ហាថង់ប្លាស្ទិក នោះមិនយូរនោះទេ ប្លាស្ទិកនឹងគ្រប់ដណ្តប់លើផ្ទៃប្រទេសរបស់យើង។ ការកាត់បន្ថយប្លាស្ទិក សម្អាតដីរបស់យើង ឈានទៅរកការដាំដុះ ជំរុញភាពបៃតង ស្របតាមការចង្អុលបង្ហាញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ភាពម៉ឹងម៉ាត់របស់សម្តេចជាកត្តាចលករជំរុញ លើកទឹកចិត្តដល់ក្រសួងបរិស្ថាន ឱ្យដំណើរការដល់ចំណុចនេះ»

សូមបញ្ជាក់ថា ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមបរិស្ថាន ជាពិសេសសំរាមនៅក្នុងទឹកដែលកំពុងបំពុលទឹកទន្លេ ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ សហការជាមួយ ក្រុមហ៊ុន Leader Energy Holding Berhad (Leader Energy) និងអង្គការសំអាតទន្លេ-សមុទ្រ (River Ocean Cleanup) បាន សម្ពោធកម្មវិធីសំអាតទន្លេ នៅកម្ពុជារយៈពេល៥ឆ្នាំជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕