(ភ្នំពេញ)៖ លោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៥ ឆ្នាំសិក្សា២០២៣-២០២៤ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

បន្ទាប់ពីព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សានៃអគ្គាធិការដ្ឋាន ពុទ្ធិកសិក្សាជាតិ មានសង្ឃដីការួចមក លោក ងួន ស្តេចភក្តី បានចាត់ទុកថា ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញពីលទ្ធផល នៃការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង មន្ត្រីរាជការ និងសាស្ត្រាចារ្យគ្រប់រូបក្នុងការដឹកនាំបណ្តុះបណ្តាល និងផ្តល់ចំណេះដឹងជូនដល់សមណនិស្សិត និស្សិត តាមរយៈលទ្ធផលនៃការការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ របស់សមណនិស្សិត និស្សិត ជំនាន់ទី១៥ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

លោកបានបន្តថា ស្របតាមគោលនយោបាយរបស់ក្រសួងធម្មការ និងសាសនា ក៏ដូចជារាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រៅពីបេសកកម្មអប់រំបណ្តុះបណ្តាល ដើម្បីផលិតចេញនូវមូលធនមនុស្ស ដែលពោរពេញដោយសក្តានុពល និងគុណវុឌ្ឍខ្ពស់ ក្នុងការអភិវឌ្ឍសង្គមជាតិ ពុទ្ធិកសកលវិទ្យាល័យ ក៏មានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ វែងឆ្ងាយ និងគ្រប់ជ្រុងជ្រោយ ដើម្បីអាចផ្តល់ឱកាសកាន់តែច្រើន ជូនដល់សមណនិស្សិត និស្សិត ក្នុងការសម្រេចបំណងប្រាថ្នាចំពោះ ជីវិតសិក្សាសម្រាប់ខ្លួន គ្រួសារ និងសង្គមជាតិ។

យោងតាមការប្តេជ្ញាចិត្តកសាងធនធានមនុស្សដ៏ម៉ឺងម៉ាត់នេះ ពុទ្ធិកសកលវិទ្យាល័យក៏បានសម្ត្រេចនូវសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រជាច្រើនកន្លងមក រួមមានការកសាងអគារសិក្សាថ្មីកម្ពស់ ៩ ជាន់, កសាងអន្តេវសិកដ្ឋានថ្មីកម្ពស់ ៥ ជាន់, ការបើកថ្នាក់បណ្ឌិត, ការចុះបញ្ជីក្នុងសមាគមសាកលវិទ្យាល័យអន្តរជាតិ IAU នៃអង្គការ UNESCO, ការទទួលស្គាល់គុណភាពអប់រំពីគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃចក្រភពអង់គ្លេស និងមជ្ឈមណ្ឌលបណ្តុះបណ្តាលកុំព្យូទ័រជាដើម។

ក្នុងឆ្នាំ២០២៤-២០២៥ ពុទ្ធិកសាកលវិទ្យាល័យ ក៏មានគម្រោងបើកប៉ុស្តិ៍សុខភាពព្រះសីហមុនីរាជា ដើម្បីជួយព្យាបាល និងផ្តល់ថ្នាំពេទ្យជូនដល់សមណនិស្សិត និស្សិតដែលមានជីវភាពខ្វះខាត រួមទាំង សិក្សាលើគម្រោងបង្កើត សមាគមសាកលវិទ្យាល័យអន្តរជាតិ PSBU និងមូលនិធិអន្តរជាតិPSBU និងចុះបញ្ជីចំណាត់ថ្នាក់នៃសាកលវិទ្យាល័យអន្តរជាតិក្នុងពិភពលោក ដើម្បីស្វែងរកឱកាសកាន់តែច្រើនជូនដល់សមណនិស្សិត និស្សិត អាចទទួលបាននូវអាហារូបករណ៍សិក្សាក្រៅប្រទេស ចូលរួមកម្មវិធីបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិក្រៅ ប្រទេស និងចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ជាមួយនិស្សិតអន្តរជាតិផ្សេងៗ៕