(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួន ៧៦ ៣៣៣ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ (គូសាណូណិ)។

កិច្ចសន្យាផ្តល់ជំនួយត្រូវ បានចុះហត្ថលេខា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ដោយលោកលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡា បាល់បោះរទេះជនពិការកម្ពុជា (CWBF) ដើម្បីអនុវត្តគម្រោងសម្រាប់ការសាងសង់ដំបូល នៅទីលានបាល់បោះរទេះជនពិការ។ ស្ថាប័នទទួលជំនួយ៖ សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF)។

ថវិកាជំនួយនេះនឹងត្រូវបានប្រើប្រាស់ ដើម្បីសាងសង់ដំបូល សម្រាប់ទីលានបាល់បោះរទេះជនពិការ ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាខេត្ត បាត់ដំបង។ ដោយសារទីលានប្រកួតមិនមានដំបូល អត្តពលិកកីឡាបាល់បោះរទេះជនពិការ មានពេលវេលាតិចក្នុងការហាត់សមនាពេលព្រឹក ឬពេលល្ងាចនៅពេលព្រះអាទិត្យ មិនសូវក្តៅខ្លាំង ឬអាចមិនហាត់សមតែម្តងនៅពេលមានភ្លៀងធ្លាក់។

តាមរយៈគម្រោងនេះ យើងរំពឹងថា អត្តពលិកអាចហាត់សមបានគ្រប់ពេលវេលា មិនថាថ្ងៃ ឬយប់ និងអាកាសធាតុបែបណាក៏ដោយ ហើយនាំឱ្យក្រុមកីឡាបាល់បោះរទេះជនពិការ ទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុន ក្នុងការប្រកួតអន្តរជាតិនៅថ្ងៃអនាគត។ លើសពីនេះ យើងរំពឹងទុកយ៉ាងមុតមាំថា មនុស្សកាន់តែច្រើននឹងចាប់អារម្មណ៍ ក្នុងការលេងកីឡា ហើយតាមរយៈការលេងកីឡា ពួកគេនឹងរស់នៅក្នុងសង្គម ដែលមានសុខភាពល្អនៅថ្ងៃអនាគត។

គម្រោងទ្រង់ទ្រាយតូចវប្បធម៌ «គូសាណូណិ» របស់ប្រទេសជប៉ុន រួមចំណែកដោយផ្ទាល់ ដល់ការលើកកម្ពស់វប្បធម៌ កីឡា និងសកម្មភាពអប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌ វប្បធម៌ ធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញ ដែលសកម្មនៅកម្រិតមូលដ្ឋាន នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

នាឱកាសនោះដែរ ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌នេះ គាំទ្រដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានាក្នុងការអនុវត្តគម្រោង ដែលរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់សកម្មភាពវប្បធម៌ កីឡា និងការអប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌវប្បធម៌ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ លោកសង្ឃឹមថា ប្រជាជនកម្ពុជាកាន់តែច្រើននឹងចាប់អារម្មណ៍ក្នុងការលេងកីឡា ហើយនឹងរស់នៅក្នុងសង្គម ដែលមានសុខភាពល្អតាមរយៈការលេងកីឡា។

លោកបានបន្តថា ជប៉ុន និងកម្ពុជាបានរីករាយនឹងទំនាក់ទំនងការទូតដ៏ជិតស្និទ្ធិជាង ៧០ឆ្នាំមកហើយ។ សង្ឃឹមថាគម្រោងនេះនឹងជួយសម្រួលបន្ថែម ដល់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាធ្វើឱ្យចំណងមិត្តភាព និងការយល់អំពីគ្នាមានភាព កាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ជប៉ុន ក៏នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈម ដើម្បីកែលម្អគុណភាពជីវិត តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំងជំនួយឥតសំណងគូសាណូណិទាំងពីរទម្រង់ គឺជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ និងជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌។

អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត បានថ្លែងថាតាងនាមឱ្យសហព័ន្ធកីឡាបាល់ បោះជិះរទេះជនពិការកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះស្ថានទូតជប៉ុន ប្រចាំនៅប្រទេសកម្ពុជា ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លា ដល់មជ្ឈមណ្ឌលកីឡាបាល់បោះរទេះជនពិការកម្ពុជា។ ជំនួយនេះមិនត្រឹមតែបង្ហាញអំពីសក្ខីភាព ចំពោះចំណងមិត្តភាពដ៏រឹងមាំរបស់ប្រទេសជាតិទាំងពីរនោះទេ ប៉ុន្តែក៏ជាក្តីសង្ឃឹមដ៏ធំធេង ចំពោះអត្តពលិកដែលមានពិការភាព នៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។ ជំនួយដ៏ថ្លៃថ្លាមួយនេះ គឺជាការរួមចំណែកឱ្យសហព័ន្ធរបស់យើង បានបន្តបេសកកម្ម ក្នុងការលើកកម្ពស់បរិយាបន្នសង្គម ការពង្រឹងសិទ្ធិអំណាច និងស្មារតីកីឡា ក្នុងចំណោមជនមានពិការភាពតាមរយៈកីឡាបាល់បោះរទេះជិះរទេះជនពិការ។

អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត បានបន្តថា ការគាំទ្រមួយនេះនឹងអាចឱ្យពួកយើង បានអនុវត្តសកម្មភាពហ្វឹកហាត់ ដែលមានទីលានស្អាតល្អ និងផ្តល់ឱកាសសម្រាប់អត្តពលិក បានចូលរួមប្រកួតទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ។ ការប្តេជ្ញាចិត្តមួយនេះគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការពង្រឹងកិច្ចសហការ និងសាមគ្គីភាពតាមរយៈសកម្មភាពកីឡា ហើយយើងពិតជាមានកិត្តិយស ដែលមានស្ថានទូតជប៉ុនជាដៃគូសហការ នៅក្នុងបេសកម្មមួយនេះ៕