(ភ្នំពេញ)៖ ​មូលនិធិជាតិគាំពារសង្គមគ្រោងបើកយុទ្ធនាការចុះឈ្មោះតាមភូមិ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ​ដើម្បីសម្រួល និងជំរុញដល់ការចុះឈ្មោះជូនគ្រួសារដែលមានបណ្ណសមធម៌ និងសមាជិកគ្រួសារជាជនងាយរងគ្រោះឱ្យបានឆាប់រហ័ស និងជៀសវាងការបាត់បង់អត្ថប្រយោជន៍ណាមួយរបស់អ្នកទទួលផល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មូលនីធិជាតិគាំពារសង្គម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។

មូលនិធិជាតិគាំពារសង្គម បានបញ្ជាក់ថា យោងតាមការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការស្តីពីគោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ និងស្របតាមអនុក្រឹត្យលេខ ៣៧២ អនក្រ.បក ចុះថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៣ ស្តីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រាជរដ្ឋាភិបាលកម្ពុជាបានដាក់នូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលបានសមាហរណកម្មកម្មវិធីចំនួន៤ បញ្ចូលគ្នា រួមមាន៖១.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២.កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងមានការរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងការឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលនឹងចាប់ផ្ដើមអនុវត្តជាផ្លូវការនៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៤ ខាងមុខ។

​ដើម្បីអាចចុះឈ្មោះអ្នកទទួលផលចូលកម្មវិធី និងទទួលបានប្រាក់ឧបត្ថម្ភបានទាន់ពេលវេលា មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ​​គ្រោងនឹងបើកយុទ្ធនាការចុះឈ្មោះតាមភូមិ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដែលគ្រោងនឹងធ្វើឡើងនៅតាមស្នាក់ការភូមិ ឬទីតាំងសមស្របណាមួយក្នុងភូមិគោលដៅផ្ទាល់ ដើម្បីសម្រួល និងជំរុញដល់ការចុះឈ្មោះជូនគ្រួសារដែលមានបណ្ណសមធម៌ និងសមាជិកគ្រួសារជាជនងាយរងគ្រោះ ឱ្យបានឆាប់រហ័ស និងជៀសវាងការបាត់បង់អត្ថប្រយោជន៍ណាមួយរបស់អ្នកទទួលផល។

ចំពោះការចុះឈ្មោះចូលកម្មវិធីត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖​

- មេគ្រួសារ ឬតំណាងគ្រួសារ សម្រាប់ចុះឈ្មោះទទួលបានប្រាក់ឧបត្ថម្ភគោលគ្រួសារ ត្រូវមានបណ្ណសមធម៌(ក្រីក្រ១ និងក្រីក្រ២)ច្បាប់ដើម ដែលមានសុពលភាព និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- ជនមានពិការភាព ត្រូវមានបណ្ណសមធម៌ (ក្រីក្រ១ និងក្រីក្រ២) ច្បាប់ដើម មានសុពលភាព និងបណ្ណសម្គាល់ជនមានពិការភាពច្បាប់ដើម ចេញដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ជនចាស់ជរា ត្រូវមានអាយុចាប់ពី៦០ឆ្នាំឡើង មានបណ្ណសមធម៌(ក្រីក្រ១ និងក្រីក្រ២) ច្បាប់ដើមមានសុពលភាព និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត
- អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិ តាមរយៈការផ្ដល់ព័ត៌មានពីមេគ្រួសារ។

មូលនីធិជាតិគាំពារសង្គម បានបញ្ជាក់ផងដែរថា ចំពោះគ្រួសារដែលមានបណ្ណសមធម៌ខកខានមិនបានចុះឈ្មោះចូលកម្មវិធីតាមភូមិ នៅថ្ងៃទី១ដល់ថ្ងៃទី២០ខែមេសា ឆ្នាំ២០២៤ សូមអញ្ជើញទៅចុះឈ្មោះចូលក្នុងកម្មវិធីនៅតាមសាលាឃុំ សាលាសង្កាត់ ដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្មវិធី​៕