(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើយ៉ាងណាឲ្យសាសនាទាំងអស់ ទទួលបានការគាំពារ ធានា និងលើកទឹកចិត្តសុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងរស់នៅក្នុងសុខសន្ដិភាព និងការអភិវឌ្ឍ។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីពិសារអាហារស្រាយ​បួសខែរ៉ាម៉ាឌន​ ដែលមានបងប្អូនខ្មែរ​ឥស្លាមចូលរួមប្រមាណ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិ​ជ្រោយ​ចង្វារ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើឲ្យសាសនាទាំងអស់ ទទួលបានការគាំពារ និងលើកទឹកចិត្ត សុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ»។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់និកាយសាសនា, ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។

បើតាមប្រសាសន៍របស់សម្ដេចធិបតី, កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ។ នេះមិនត្រឹមតែជាមោទនភាព សម្រាប់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ ដែលប្រទេសជាច្រើនកោតសរសើរ ចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អជាមួយស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធដើម្បីធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់សាសនិកនៅប្រទេសកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប ក្នុងស្ថាប័នកំពូលរបស់ជាតិ និង នៅថ្នាក់ក្រោមជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគមន៍ខ្មែរឥស្លាម។

ជាមួយគ្នានេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា សេរីភាពនៃការគោរពសាសនាឥស្លាម ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ដល់បងប្អូនឥស្លាម ដូចជា សិស្ស-និស្សិតឥស្លាម អាចស្លៀកសម្លៀកបំពាក់ ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត, បងប្អូនជាស្ត្រីអាចទទូរក្បាល និងបុរសអាចពាក់កាតឹបថតរូប សម្រាប់ ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិតឆ្លងដែន, អត្តសញ្ញាណបណ្ណ ។ល។ ខណៈកន្លែងថ្វាយបង្គំមាននៅព្រលានយន្តហោះ, នៅតាមមន្ទីរពេទ្យរដ្ឋ, នៅតាមរោងចក្រ, សណ្ឋាគារ, ផ្សារធំៗមួយចំនួន, ជាពិសេស នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ៕