(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែនខុសច្បាប់ ដោយចាប់ខ្លួនជនល្មើស ជាជនជាតិវៀតណាម ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៧០០គីឡូក្រាម ក្នុងរាជធានីភ្នំពេញ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះថា ក្រោយពីទទួលបានកិច្ចសហការពីសមត្ថកិច្ចវៀតណាម អំពីការលួចលាក់ធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ឆ្លងកាត់កម្ពុជាទៅប្រទេសវៀតណាម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៦៖៤០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ដោយមានការដឹកនាំដោយឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅ គោលដៅទី១៖ ចំណុចខុនដូរហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគោលដៅទី២៖ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួន ជនល្មើស២នាក់៖ ឈ្មោះ NGUYEN HOAN DINH ភេទប្រុស ជនជាតិវៀតណាម អាយុ៤៥ឆ្នាំ និងឈ្មោះ DUONG TIEN ភេទប្រុស ជនជាតិវៀតណាម អាយុ១៧ឆ្នាំ។ គ្រឿងញៀនដែលចាប់យកបានរួមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤ ៨១២ ក្រាម (ជិត៦០០គីឡូក្រាម), អ៉ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨ ៩១៩.០១ ក្រាម (ជិត៥០គីឡូក្រាម), កេតាមីន (KETAMINE) ទម្ងន់ ៧​ ៩៩០.០៤ក្រាម (ជិត៨គីឡូក្រាម), កញ្ជា (MARIJUANA) ទម្ងន់ ១៧,០០០ ក្រាម (១៧គីឡូក្រាម), សារធាតុមិនច្បាស់ទម្ងន់ ៨៧៦ក្រាម។

បច្ចុប្បន្នជនល្មើសទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន ប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

រយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៤នេះ ករណីជួញដូរគ្រឿងញៀនធំៗ ដែលមានគ្រឿងញៀនរាប់រយគីឡូក្រាម និងខ្លះដល់តោន រួមទាំងក្លឹបកម្សាន្តមួយចំនួន ត្រូវបានបង្ក្រាបដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងបានឃាត់ខ្លួនឧក្រិដ្ឋជនជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕