(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌នឹងរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ស្ថិតនៅមហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

មហាសន្និបាតនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ជីវ កេង ប្រធានតុលាការកំពូល និង លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម និងព្រះរាជអាជ្ញា មកពីសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ប្រមាណជាង ៧០០នាក់។

មហាសន្និបាតលើកទី១ សម្រាប់វិស័យយុត្តិធម៌នេះនឹងរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលវិស័យយុត្តិធម៌សម្រេចបានក្នុងឆ្នាំ២០២៣, ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី៥ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

តាមរយៈសេចក្តីជូនដំណឹង បានបញ្ជាក់ថា អ្នកនាំពាក្យក្រសួងយុត្តិធម៌នឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅម៉ោង ៥:០០នាទីល្ងាចនៅទីតាំងខាងលើ ដើម្បីបង្ហាញអំពីលទ្ធផលនៃមហាសន្និបាតរយៈពេល ៣ថ្ងៃនេះបន្ទាប់ពីមហាសន្និបាតនេះត្រូវបានបិទបញ្ចប់៕