(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រថយន្តអគ្គិសនីបំពាក់ស៊ីរ៉ែន ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន៥។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានចំណាយធនធានផ្ទាល់ខ្លួន ជួយគាំទ្រដល់កងកម្លាំងនគរបាលជាតិ ដើម្បីចូលរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់អង្គភាព។ រថយន្តនេះជាប្រភេទរថយន្តប្រើប្រាស់ថាមពលអគ្គីសនី ដែលអាចប្រើប្រាស់ក្នុងរង្វង់៣០០ ទៅ៤០០គីឡូម៉ែត្រ ទើបសាកបញ្ចូលឡើងវិញ ហើយរថយន្តនេះអាចប្រើប្រាស់ប្រចាំថ្ងៃដូចជា៖ ដឹកនាំក្បួន និងបម្រើការងារផ្សេងៗ នៅក្នុងរាជធានី-ខេត្តរបស់ខ្លួន។

នាយឧត្តមសេនីយ៍ អគ្គស្នងការ បានផ្តាំផ្ញើដល់ស្នងការនគរបាលរាជធានី-ខេត្ត ដែលទទួលបានរថយន្តនេះ ត្រូវទទួលខុសត្រូវថែរក្សាឲ្យដូចជាទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។ ដោយឡែកសម្រាប់បណ្តាខេត្ត ដែលមិនទាន់ទទួលបានរថយន្ត អាចនឹងមាននៅពេលក្រោយៗ ពីព្រោះខេត្តដែលទទួលបានរថយន្តនេះ គឺជាខេត្តដែលចាំបាច់ក្នុងការទទួលរថយន្តទាំងនេះ។

នាយឧត្តមសេនីយ៍ សង្ឃឹមថាសប្បុរសជននឹងបន្តជួយជារថយន្ត ឬសម្ភារៈនានា មកដល់អគ្គស្នងការដ្ឋាននគរបាលជាតិបន្តទៀត ដើម្បីចូលរួមចំណែកក្នុងកិច្ចការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា រថយន្តដែលត្រូវប្រគល់ជូនដល់ស្នងការនគរបាលរាជធានី-ខេត្តនាពេលនេះមាន ចំនួន១០គ្រឿង ក្នុងនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានចំនួន២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន២គ្រឿង និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន២គ្រឿង៕