(ភ្នំពេញ)៖ កម្ពុជា និងមីយ៉ាន់ម៉ា ប្តេជ្ញាបន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយជាមួយ​គ្នា។ ការអះអាងជំហររក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Kyaw Soe Min ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជា។

ជំនួបធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា បានថ្លែងអំណរ​គុណសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការី ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ។

លោកឯកអគ្គរដ្ឋទូត​ ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជំនួយដល់ប្រទេស និងប្រជាជន​មីយ៉ាន់ម៉ាក្នុងអំឡុងពេលកូវីដ-១៩ផងដែរ។ បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត បានរំលឹកជម្រាប​សម្តេច​ធិបតី អំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាង​កម្ពុជា និងមីយ៉ាន់ម៉ា។

លោក​ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញការបេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការរវាងប្រទេស​ទាំង​ពីរ ​ឱ្យកាន់​តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត ក្នុងអាណត្តិបេសក​កម្មការ​ទូតរបស់លោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានរបស់លោក Kyaw Soe Min និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជា និងមីយ៉ាន់ម៉ា ដែលមានជាយូរ​អង្វែង​មកហើយ។ សម្តេចធិបតី ក៏បានអបអរសាទរជូន លោក Kyaw Soe Min ត្រូវបានតែងតាំងជាឯក​អគ្គ​រដ្ឋទូតប្រចាំនៅកម្ពុជា។

សម្តេចធិបតី ក៏បានបញ្ជាក់ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាលើទំនាក់ទំនងជាមួយប្រទេសមីយ៉ាន់ម៉ា​ផង​ដែរ។ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៅតែបន្តអនុវត្តគោល​នយោបាយ​ដូចរាជរដ្ឋាភិបាលនីតិកាលមុនៗ ដោយបន្តផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា-មីយ៉ាន់ម៉ា ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក៏ដូចជាក្នុង​ក្រប​ខណ្ឌអាស៊ាន។

សម្តេចធិបតី ក៏បានគូសបញ្ជាក់សាជាថ្មីអំពីការបន្តភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរលើវិស័យសក្តានុពល រួមមានជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងរវាង​ប្រជា​ជន និងប្រជាជន៕