(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកឧបាយកលក្រុមជនមួយក្តាប់តូច ដែលជ្រោកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានគំនិតទុច្ចរិតយកបងប្អូន ដើម្បី កេងចំណេញនយោបាយ។

ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីរដ្ឋបាលខេត្តមើលឃើញថា នាប៉ុន្មានថ្ងៃនេះ មានអង្គការក្រៅរដ្ឋាភិបាលមួយ បានផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋ ដែលអះអាងកំពុងតែរត់ភាសខ្លួនទៅសម្ងំពួនក្នុងព្រៃគេចចេញពីការធ្វើទុក្ខបុកម្នេញ និង ការចាប់ខ្លួនពីសំណាក់អាជ្ញាធរខេត្តព្រះវិហារ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ដូច្នេះថា «សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកឧបាយកលក្រុមជនមួយ ក្តាប់តូច ដែលជ្រោកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាលមួយនេះ ដែលមានគំនិតទុច្ចរិត យកបងប្អូន ដើម្បី កេងចំណេញនយោបាយ។ ប្រសិនជាអង្គការក្រៅរដ្ឋាភិបាលមួយនេះ មានចេតនាសុច្ចរិត សូមសហការផ្តល់ព័ត៌មានអំពីទីតាំង របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអាជ្ញាធរខេត្តទទួលបងប្អូនប្រជាពលរដ្ឋឱ្យត្រឡប់មកផ្ទះសម្បែងវិញ ប្រកបដោយការទទួលខុសត្រូវ និងមនុស្សធម៌»

សូមទំនាក់ទំនងសហការជាមួយអាជ្ញាធរខេត្តតាមរយៈលោក ណុប វុទ្ធី អភិបាលរងខេត្ត ទូរស័ព្ទលេខ ០១៧ ៧០១ ០០៧៕