(ក្រចេះ)៖ ក្រុមការងាត្រួតពិនិត្យយានយន្ត បានឃាត់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៤គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៧៣ ភូមិជ្រោយថ្មក្រោម​ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន, លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល អចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស​ និងលោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ  និងជាអនុប្រធានក្រុមការងារចល័ត។

ក្នុងនោះក្រុមការងារបានត្រួតពិនិត្យយានយន្តសរុប៦គ្រឿង ក្នុងនោះយានយន្តចំនួន៤គ្រឿង មានបំពាក់ឡូហ្គូ​ NC និង​ TH បានដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី២៦-៣៧ តោន ត្រូវបានពិន័យ និងឃាត់ទុករយៈពេល១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ពាក់ព័ន្ធនឹងការពិន័យលើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់​ ចំពោះរថយន្តទាំង៤គ្រឿង​នេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក៏បានកាត់តម្រូវទ្រុងសឺមីរ៉ឺម៉កដែលបានតខ្ពស់ ខុសលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវឡើងវិញផងដែរ។

ជាមួយគ្នានោះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ផងដែរ។ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹង ការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕