(ក្រចេះ)៖ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសំបូរ បានចាប់ខ្លួនយុវជន២នាក់ បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីផលិត ឬធ្វើចរាចរណ៍អាវុធ។

លោកវរសេនីយ៍ឯក ជ្រិន សុធា អធិការនគរបាលស្រុកសំបូរ បានឲ្យដឹងថា ការចាប់ខ្លួនយុវជនសង្ស័យ២នាក់ខាងលើនេះ ក្រោយពួកគេបានស្ពាយដាវ និងកាន់ដាវ២ដើមថត និងបង្ហោះក្នុងបណ្តាញសង្គម Facebook ហើយសរសេរថា «យកល្អរស់នៅរៀងខ្លួនទៅវាល្អជាង ទើបអត់មានអ្នកឈឺសាច់»។

លោកថា ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំបូរ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្តាន់ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ បានធ្វើការស្រាវជ្រាវរកម្ចាស់ គណនី Facebook ឈ្មោះ ឈាន សីហា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ រហូតឈានដល់ការឃាត់ខ្លួនតែម្តង។

យុវជន ឈាន សីហា បានសារភាពថា ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឈ្មោះ ថា ភ័ក្រ្តា អាយុ១៨ឆ្នាំ រស់នៅភូមិថ្មី ឃុំសណ្តាន់ បានជិះម៉ូតូមកផ្ទះខ្លួនបបួលមកហូបមីហិរ នៅមុខសាលាថ្មនៅភូមិសណ្តាន់។ ពេលកំពុងហូបមីឈ្មោះ ថា ភ័ក្ត្រា បានជិះម៉ូតូចេញទៅក្រៅមួយសន្ទះធំ ក៏ត្រឡប់មកវិញឃើញមានកាន់ដាវ២ដើម មកដាក់ក្រោមតុ ហើយក៏ហូបមីរួចឈ្មោះ ថា ភ័ក្រ្តា បានពាក់មួកសុវត្ថិភាពស្ពាយដាវ កាន់ដាវបែរខ្នង ហើយឲ្យខ្លួនថត ថតរួចក៏នាំគ្នាជិះម៉ូតូ ទៅដេកផ្ទះរៀងខ្លួន។

លុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៣:០០រសៀលឈ្មោះ ថា ភ័ក្ត្រា បានឆាតមកខ្លួនថាឲ្យខ្លួនជួយផុសរូបគេ ដែលបានថតពីម្សិលផង។ ខ្លួនក៏បានផុស ហើយសរសេរដូចខាងលើ លុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលក៏បានហៅមកសួរនាំតែម្តង។

បច្ចុប្បន្នជនទាំង២នាក់ ត្រូវបានបញ្ជូនខ្លួនមកការិយាល័យជំនាញខេត្ត ហើយបញ្ជូនបន្តទៅតុលាការ ដើម្បីបន្តចាត់ការតាមច្បាប់៕