(ក្រចេះ)៖ ព្រះសង្ឃ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង៤០០អង្គ/នាក់ នៅខេត្តក្រចេះ បានចូលរួមអបអរសាទរដង្ហែរក្បួនសាធារណៈ និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផ្នែកស្មូតកំណាព្យ និងបកស្រាយប្រធានបទចំនួន២អង្គ/នាក់ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅមុខសាលាខេត្តក្រចេះ។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា នេះជាលើកទី១ហើយ សម្រាប់ខេត្តក្រចេះ ដែលទទួលបានជ័យលាភីថ្នាក់ជាតិពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផ្នែកស្មូតកំណាព្យ និងបកស្រាយប្រធានបទលើកទី៩ ក្នុងនោះក៏មានបុព្វជិតខេត្តយើងជាប់ចំណាត់ថ្នាក់លេខ១ផងដែរ។

លោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថា ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានចាប់ផ្ដើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្ដោតលើ «ការពង្រឹងគុណភាពវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងដាក់ចេញនូវវិធានការគន្លឹះដើម្បីដោះស្រាយក្នុងគោលដៅលើក កម្ពស់គុណភាពអប់រំតាមរយៈការ ពង្រឹងកិច្ចការសំខាន់ៗ ។

លោកបន្តថា រដ្ឋបាលខេត្តនៅតែបន្តប្រឹងប្រែងជួយគាំទ្រមន្ទីរអប់រំ ដើម្បីឈានទៅសម្រេចទិសដៅអប់រំសម្រាប់ឆ្នាំ២០៣០ តាមរយៈការធានាសមធម៌ក្នុងការអប់រំសម្រាប់កុមារគ្រប់រូប និងការបង្កលក្ខណៈសម្បត្តិអនុគ្រោះនានា ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋក្រីក្រ មានលទ្ធភាពចូលសិក្សាជាពិសេស គឺតាមរយៈការពង្រឹង និងពង្រីកគ្រឹះស្ថានសិក្សាសាធារណៈ និងការបង្កើនអាហារូបករណ៍សម្រាប់សិស្សនិងនិស្សិតក្រីក្ររៀនពូកែ។

លោកអភិបាលរងខេត្តបន្តថា រដ្ឋបាលខេត្តនឹងបន្តភាពជាដៃគូជាមួយវិស័យឯកជន ព្រមទាំងសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីបង្កើន និងលើកកម្ពស់គុណភាពសេវាអប់រំទាំងក្នុងកម្រិត មធ្យមសិក្សាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសទាំងក្នុងកម្រិតឧត្ដមសិក្សាឲ្យឆ្លើយតមបានយ៉ាងសមស្របទៅនឹងស្តង់ដារអន្តរជាតិ និងតម្រូវការអភិវឌ្ឍប្រទេសជាតិ៕