(ភ្នំពេញ)៖ លោក លីវ សុភក្ត្រា និងលោក មួន ឌីណា រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច បានណែនាំប្រធានមន្ទីររាជធានី-ខេត្តទាំង២៥ បន្តយកចិត្តទុកដាក់លើការងារតាមដានការអនុវត្តច្បាប់ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ការណែនាំបែបនេះរបស់មន្ត្រីជាន់ខ្ពស់ទាំងពីររូប បានធ្វើឡើងនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសក្រសួងអធិការកិច្ច បានរៀបចំពិធីសំណេះសំណាល និងកិច្ចប្រជុំពិភាក្សាលើការងារតាមដានការអនុវត្តច្បាប់ ជាមួយមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី-ខេត្ត។ ពិធីនេះមានការចូលរួមលោក ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច, អគ្គនាយករង ទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃនាយកដ្ឋានតាមដានការអនុវត្តច្បាប់ ប្រធានមន្ទីរ និងមន្ត្រីមកពីមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី-ខេត្តទាំង២៥ សរុបចំនួន ១២៧នាក់ នៅទីស្តីការក្រសួងអធិការកិច្ច។

លោក លីវ សុភក្ត្រា បានថ្លែងថា ពិធីសំណេះសំណាល និងកិច្ចប្រជុំពិភាក្សានេះ មានគោលបំណងចែករំលែកបទពិសោធន៍ និងការអនុវត្តតួនាទីភារកិច្ចរបស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី-ខេត្ត ពាក់ព័ន្ធសកម្មភាពការងារ បញ្ហាប្រឈម សំណូមពរ និងលើកទិសដៅការងារបន្ត លើការងារតាមដានការអនុវត្តច្បាប់ ដើម្បីជាមូលដ្ឋានសម្រាប់ប្រមូលធាតុចូលនូវបញ្ហាទាំងអស់នោះ រួចហើយដាក់ចេញនូវវិធានការឱ្យអនុវត្តលើការងារតាមដានការអនុវត្តច្បាប់ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

លោករដ្ឋលេខាធិការ បានលើកឡើងថា ដើម្បីចូលរួមការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល គឺការពង្រឹងប្រសិទ្ធភាពលើការងារអធិការកិច្ច ការងារតាមដានការអនុវត្តច្បាប់ ជាភារកិច្ចដ៏សំខាន់សម្រាប់កំណែទម្រង់ស្ថាប័ន និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ដូចនេះត្រូវសម្រួចតួនាទីភារកិច្ច និងបេសកកម្មចម្បងលើវិស័យអធិការកិច្ច ជាពិសេសត្រូវធ្វើទំនើបកម្មអធិការកិច្ចឱ្យក្លាយទៅជាអធិការកិច្ចក្នុងបរិបទថ្មី៕