(ក្រចេះ)៖ សមិទ្ធផលនានានៅក្នុងវត្តពោធិ៍សត្ថារាម ហៅវត្តហុងឡាំ ស្ថិតនៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលចំណាយថវិកាសាងសងចំនួន ១,៥៦៦,៩៩៤.៥ដុល្លារអាមេរិក ត្រូវបានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់នៅនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលទីអារាមនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកស្រី ព្រមទាំងមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ ជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា វិស័យនានានៅក្រុងក្រចេះ មានការរីកចម្រើនគួជាទីមោទន។ ដោយឡែកការប្រតិបត្តិសាសនានានាក៏មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ។ ទាំងនេះបញ្ជាក់យ៉ាងច្បាស់ពីការបើកទូលាយលើសេរីភាពជំនឿសាសនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកបញ្ហាសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនាជាបញ្ហាដ៏មានសារៈសំខាន់ ដើម្បីធានាដល់សុខសន្តិភាពការបង្រួបបង្រួមជាតិ ក៏ដូចជាការអភិវឌ្ឍសង្គមជាតិ។

លោកអភិបាលខេត្តបានបន្តថា ក្នុងនោះទីអារាមក៏ត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ កុមារ និងជនក្រីក្រផងដែរ។ ទីអារាមបានក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់លោកយាយ លោកតាជាកន្លែងសម្រាប់ សុំសីលធ្វើទានកុមារ និងយុវជនមួយ ចំនួនដែលមិនមានលទ្ធភាពក៏បានប្រើប្រាស់ទីអារាមនេះ ដោយមួយចំនួនបានបួសដើម្បីបន្តការសិក្សា និងមួយចំនួនទៀតក៏បានស្នាក់នៅដើម្បីបន្តការសិក្សា។

លោក វ៉ា ថន បានបញ្ជាក់ថា ទាំងអស់នេះ គឺជាផលប្រយោជន៍សម្រាប់សង្គមជាតិទាញចេញពីការកសាងក្នុងវិស័យពុទ្ធចក្រ ហើយការដឹកនាំវិស័យអាណាចក ក៏ជាកត្តាកំណត់នៃការរីកចម្រើន ផ្នែកពុទ្ធចក្រ គឺ «ចំណងទាក់ទងគ្នារវាងអាណាចក្រ និងពុទ្ធចក្រ គឺមិនអាចកាត់ផ្តាច់បាននៅពេលដែលផ្នែកអាណាចក្រដាក់ ចេញនូវគោលនយោបាយមិនត្រឹមត្រូវតែវិស័យសាសនាក៏ត្រូវទទួលរងនូវការខូចខាតទៅតាមនោះដែរ» ហើយអ្វីដែលយើងមិនអាចបំភ្លេចបាននោះ គឺនៅក្នុងសម័យ ប៉ុល ពត សាសនាត្រូវបានបំផ្លិចបំផ្លាញចោលទាំងអស់មិនថាតែសាសនាព្រះពុទ្ធសាសនាដទៃនោះទេ។

លោកបានបន្ថែមថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាថ្ងៃប្រវត្តិសាស្ត្រ ជាថ្ងៃនៃការរស់រានមានជីវិតឡើងវិញនៃប្រជាជន ហើយគ្រប់សាសនាទាំងអស់ក៏ត្រូវបានគោរពប្រតិបត្តិឡើងវិញដោយភាពសុខដុមរមនា គ្មានការរើសអើង និងក្រោមម្លប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាបំណងប្រាថ្នាធំ របស់ប្រជាជនកម្ពុជា និងជាសមិទ្ធផលនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលជាង ៤០ឆ្នាំកន្លងមកនេះ។

ជាមួយគ្នានោះ លោក វ៉ា ថន ក៏បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលនានាជាច្រើនដែលមានក្នុងទីអារាមនេះនឹងសូមចូលរួមអនុមោទនា ត្រេកអរចំពោះកម្មវិធីបុណ្យសម្ពោធឆ្លងខ្លោង ទ្វារ ហោត្រ័យ និងសមិទ្ធផលនានា។

លោកអភិបាលខេត្តក៏បានគោរពថ្លែងអរព្រះគុណចំពោះព្រះញាណសារវេទី លឹម ប៊ុនថុន ព្រះរាជាគណៈកិត្តិយសព្រះបាឡាត់គណខេត្ត និងជាព្រះចៅអធិការវត្តពោធិសត្ថារាម (ហៅវត្តហុងឡា) ដែលព្រះអង្គបានដឹកនាំកសាងនូវសមិទ្ធផលជាច្រើនចាប់តាំងពីឆ្នាំ២០១៣ រហូតដល់នាពេលបច្ចុប្បន្ន រួមមានសាលាឆាន់ ព្រះវិហារ ហោត្រ័យ ព្រះពុទ្ធបដិមា ខ្លោងទ្វារ របង និងហេដ្ឋា រចនាសម្ព័ន្ធនានាដែលមានក្នុងទីអារាមនេះដែលបានចំណាយថវិកាសរុប ១,៥៦៦,៩៩៤.៥ដុល្លារអាមេរិក។

ក្រៅអំពីសមិទ្ធផលខាងលើព្រះញាណសារវេទី លឹម ប៊ុនថុន ក៏បានជួយបរិច្ចាគថវិកាធនធានផ្ទាល់ខ្លួនចូលរួមចំណែកដល់ការសាងសង់សមិទ្ធផលនានាជាច្រើនដែលបានរួមចំណែកដល់ការអភិវឌ្ឍខេត្តក្រចេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទាំង អស់សូមបន្តជួយគាំទ្រដល់ការសាងសង់នូវសមិទ្ធផលនានាបន្ថែមទៀត ជាពិសេសការចូលរួមថែរក្សានូវសមិទ្ធផលនានានៅក្នុងទីអារាមនេះឱ្យបានស្ថិតស្ថេរ និងគង់វង្សសម្រាប់ជាទីបដិបត្តិ និងរក្សាទុកដល់កូនចៅជំនាន់ក្រោយៗ៕