(ភ្នំពេញ)៖ លោក កើត ឆែ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជន នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ដើម្បីចែករំលែក និងផ្តល់ក្តីស្រឡាញ់ជូនកុមារា កុមារី អ្នកគ្រូ លោកគ្រូ និងបុគ្គលិកទាំងអស់ នៅមជ្ឈមណ្ឌលកូលាបទី៤ ដែលមានទីតាំងស្ថិតនៅច្រកផ្លូវ២៧១ ក្រុមទី១១ ភូមិ២៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សកម្មសប្បុរសនេះគឺធ្វើឡើងក្នុងឱកាសថ្ងៃខួបកំណើតអាយុ ១២ឆ្នាំរបស់កូនស្រី ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ ពោលនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។

លោក កើត ឆែ និងភរិយា ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងបានឧបត្ថម្ភនូវថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន មកកាន់មជ្ឈមណ្ឌលកូលាបទី៤។ កុមារៗតែងតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ពីថ្នាក់ដឹកនាំ និងសប្បុរសជននានា។

លោក និងភរិយា ព្រមទាំងក្រុមគ្រួសារ ក៏ដូចសប្បុរសជនទាំងអស់ សង្ឃឹមថាទឹកចិត្តសប្បុរសធម៌ និងអំណោយទាំងនេះ នឹងផ្តល់ស្នាមញញឹមដល់កុមារា កុមារី អ្នកគ្រូ លោកគ្រូ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលកូលាបទី៤ ដើម្បីបន្តការងារបណ្តុះបណ្តាល និងការថែទាំកុមារា កុមារីទាំងអស់បន្តទៀត ក្រោមម្លប់ដ៏ត្រជាក់ត្រជំ នៃសន្តិភាព៕