(ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ ចុះជួយខេត្តព្រះសីហនុ បានលើកឡើងថា ការគ្រប់គ្រងសំរាម និងទឹកលូជារឿងសំខាន់ សម្រាប់ទូទាំងប្រទេស។ ដោយឡែក សម្រាប់ខេត្តព្រះសីហនុ គឺត្រូវពន្លឿនក្នុងការគ្រប់គ្រងអនុវត្ត បើមិនដូច្នោះទេ ធ្វើឲ្យបាត់បង់ឱកាសក្នុងការកសាង និងពូនជ្រុំខេត្តព្រះសីហនុ ទៅជាខេត្តទេសចរណ៍ ដ៏មានសក្តានុពលមួយ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងដូចនេះ នៅក្នុងឱកាសដែលអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ នៅអាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ ដែលមានសមត្ថភាពបន្សុទ្ធ ពីទឹកកខ្វក់ទៅជាទឹកស្អាតបាន ២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ មុននឹងបង្ហូរបញ្ចេញទៅសមុទ្រនាថ្ងៃទី២២ ខែមីនាឆ្នាំ២០២៤ស្ថិតក្នុងឆ្នេរអូឈើទាល២សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានបន្ថែមថា នៅពេលដែលកំណើនប្រជាពលរដ្ឋ កំណើនការអភិវឌ្ឍកំណើនភ្ញៀវទេសចរ មានការកើនឡើងច្រើនទាមទារឲ្យយើងរៀបចំ នូវរងស្ថានីប្រព្រឹត្តិកម្មចម្រុះទឹកកខ្វក់ ទោះបីថ្ងៃនេះយើងទទួលបានស្ថានីយចម្រុះទឹកកខ្វក់ថ្មី ក៏ប៉ុន្តែយើងត្រូវរួមគ្នាបន្តគិតគូរទៅថ្ងៃមុខ រាល់ទឹកកខ្វក់ត្រូវតែមានការចម្រោះមុននឹងបង្ហូរទៅក្នុងសមុទ្រ។

ដោយមានការយកចិត្តទុកដាក់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅតែបន្តរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយធានាបាននូវដំណើរការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការជំរុញធ្វើកំណែទម្រង់នានាដោយការទទួលខុសត្រូវ និងឈានទៅសម្រេចសមិទ្ធផលថ្មីៗទៀត ក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍមាតុភូមិ។

ទន្ទឹមនេះបញ្ចកោណទី២ មុំទី១ បានផ្តោតលើអាទិភាពគឺការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍ មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ តំបន់ឧស្សាហកម្ម ជាដើម ដោយកំណត់យន្តការអនុវត្ត ឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងការរៀបចំផែនការមេអភិវឌ្ឍ បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។

ក្នុងឱកាសនេះដែរ លោក លី រិទ្ធ ជាអគ្គនាយកក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD បានឲ្យតាមរយៈសម្ភាសន៍ថា អាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ បានប្រមាណជាង២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ Membrane Aerated Biofilm Reactor (MABR)។

ស្របពេលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ លោកបានលើកឡើងថា បងប្អូនប្រជាពលរដ្ឋគួរតែស្វែងយល់ និងដឹងពីអត្ថប្រយោជន៍អាងប្រព្រឹត្តិកម្មថា វាពិតជាមានសារខំខាន់ខ្ពស់ ក្នុងការចូលរួមថែរក្សាបរិស្ថាន អនាម័យ ឆ្នេរសមុទ្រស្អាត មិនប៉ះពាល់ធនធានធម្មជាតិដែលរស់ក្នុងសមុទ្រ ដូច្នេះក្នុងមានយើងជាប្រជាពលរដ្ឋ ត្រូវតែចូលរួមបន្ថែមទៀត ក្នុងថែទាំបរិស្ថាន លោកបន្ថែមថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះដំណើរការទៅបាន គឺដោយសារមានថវិកា ហើយថវិការនោះ គឺបានមកពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពោលគឺបងប្អូនចូលរួមតាមរយៈ ការបង់ប្រាក់ប្រើប្រាស់ទឹកស្អាតនេះឯង។

លោកបន្តថា រហូតមកដល់បច្ចុប្បន្ននេះក្នុងក្រុងព្រះសីហនុ មានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣៖
*ទី១៖ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
*ទី២៖ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
*ទី៣៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ និងបានស្ថាបនារួចរាល់ ជាស្ថាពរ នៅថ្ងៃទី៨ខែសីហា ឆ្នាំ២០២៣ ហើយស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២,៦៩០ហិកតា៕