(កំពង់ធំ)៖ លោក អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃរដ្ឋបាលក្រុងស្ទឹងសែន និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៨ នៃក្រុងស្ទឹងសែន ដែលមានសមាជិក សមាជិកាសរុប ៣៩៩រូប។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក លោកស្រីជាតំណាងក្រសួងនានា ប្រធាន/អនុប្រធានអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលក្រុងស្ទឹងសែនជាច្រើនរូប។

ក្នុងនាមលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, លោក អេង ទូច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈអភិបាល និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលក្រុងស្ទឹងសែនទាំងអស់ ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនគួរជាទីមោទននាពេលកន្លងមក។

លោក អេង ទូច បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយបានគូសបញ្ជាក់ថា ក្រុមការងារមានតួនាទីតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ, យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយនានា ពិសេស គោលនយោបាយអាទិភាពទាំង៦ចំណុច ព្រមទាំងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តវិធានការគន្លឹះទាំង៥ គឺទី១៖ ការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ, ទី២៖ ការកែទម្រង់វិស័យអប់រំ, ទី៣៖ ការកែទម្រង់វិស័យសុខាភិបាល ដោយផ្ដោតលើការពង្រឹងសេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក, ទី៤៖ការលើកកម្ពស់គោលនយោបាយភូមិ-ឃុំ-មានសុវត្ថិភាព និងទី៥៖ ការពង្រឹងនិងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។

លោក អេង ទូច បានលើកទឹកចិត្តដល់លោក លោកស្រី ជាអនុប្រធាន, សមាជិក និងសមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែនទាំងអស់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៨ ត្រូវប្រកៀកស្មា និងរួមគ្នាជាកម្លាំងជាមួយមូលដ្ឋាន ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសគោលនយោបាយអាទិភាពទាំង៦ចំណុច និងការអនុវត្តវិធានការគន្លឹះទាំង៥ ឲ្យមានសកម្មភាពផុសផុល ឲ្យកើតចេញជាផ្លែផ្កាជាក់ស្តែងដល់ដៃប្រជាពលរដ្ឋខេត្តកំពង់ធំ និយាយជារួម និងក្នុងសង្កាត់ទាំង៨ នៃក្រុងស្ទឹងសែន និយាយដោយឡែក។

ក្នុងឱកាសនោះ លោក អេង ទូច ក៏បានលើកទឹកចិត្តដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលក្រុងស្ទឹងសែន ត្រូវបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ, ការដោះស្រាយចំពោះសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន ប្រកបដោយប្រសិទ្ធភាព តម្លភាព និងគណនេយ្យភាព ព្រមទាំងការធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ៕