(ក្រចេះ)៖​ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែន​ សំអន​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​កម្ពុជា​ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពប្រកាសខេត្ត​ក្រចេះ ជា​ខេត្តទី១៥​ ដែលអស់មីននៅកម្ពុជា។

គួរជម្រាបថា អាជ្ញាធរមីន បានប្រកាសរាជធានីខេត្តចំនួន១៤ហើយ ដែលអស់មីនរួមខេត្ត៖ ស្ទឹងត្រែង កែប ព្រៃវែង រាជធានីភ្នំពេញ ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ ខេត្តកំពត កំពង់ស្ពឺ និងខេត្តមណ្ឌលគិរី។

រយៈពេលជាង៣០ឆ្នាំនេះ ចាប់ពីឆ្នាំ១៩៩២ សកម្មភាពមីននៅកម្ពុជា មានវឌ្ឍនភាពគួរជាទីកត់សម្គាល់ ក្នុងនោះផ្ទៃដីមានមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម២,៧៩៥គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត ហើយគ្រាប់មីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ត្រូវបានរកឃើញ និងកម្ទេចចោល។ ទន្ទឹមនឹងនោះចំនួនជនរងគ្រោះបានថយចុះពី៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤១នាក់ ក្នុងឆ្នាំ២០២២ និងមកនៅក្រោមចំនួន ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេល១០ឆ្នាំចុងក្រោយ។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនេះកម្ពុជាត្រូវបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ និងបន្តដំណើរវែងឆ្ងាយទៅមុខទៀត ដើម្បីឱ្យសម្រេចបាននូវចក្ខុវិស័យមួយ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន ២០១៨-២០២៥ គឺ «កម្ពុជាគឺជាប្រទេសដែលគ្មានមីន ហើយការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពី សង្គ្រាម ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធាន មនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព» ដែលផែនការយុទ្ធសាស្ត្រនេះ ជាផែនទីតម្រង់ទិស ដោះស្រាយ បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងឆ្លើយតបទៅនឹងការគំរាមកំហែងដែលនៅសេសសល់ក្រោយឆ្នាំ២០២៥៕