(ឡាវ, វៀងច័ន្ទ)៖ កម្ពុជា និងឡាវ បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នា​នៃអនុស្សារណៈ​យោគយល់គ្នាចំនួន៧បន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកិច្ចការព្រំដែន និងថាមពលរវាង​ប្រទេសទាំងពីរ។

ការចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតីនៅលើទឹកដីឡាវ នារសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤នេះ។

កិច្ចព្រមព្រៀងនៃអនុស្សារណៈយោគយល់ដែលចុះហត្ថលេខាទាំង៧នេះ រួមមាន៖

១៖ ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ
២៖ កំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ
៣៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យថាមពលថ្មី
៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រុមហ៊ុន PHONGSUBTHAVY GROUP SOLE CO., LTD អំពីការទិញថាមពលបៃតងពីគម្រោង «XEKHAMAN II Hydro and Wind Power Hybrid Projects» ក្នុង ប្រទេសឡាវ មកប្រទេសកម្ពុជា
៥៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុម ហ៊ុនចម្រុះ XAYSANA Group, WIS និង SISAN INTERNATIONAL JOINT DEVELOPMENT SOLE., LTD អំពីការទិញថាមពលគម្រោង “Nam Emoun 1, 2 Hydro, Pump Storage and Wind Power Hybrid Projects” ក្នុងប្រទេសឡាវមកប្រទេសកម្ពុជា
៦៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយអគ្គីសនីឡាវ EDL អំពីការទិញថាមពលបៃតង ពីគម្រោង “Green Energy Supply of 1000 MW Combination of Hydro, Wind and Geothermal Projects” ក្នុង ប្រទេសឡាវមកប្រទេសកម្ពុជា
៧៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុម ហ៊ុន PSG CORPORATION PUBLIC COMPANY LIMITED អំពីការទិញ ថាមពលបៃតងពីគម្រោង «Xekong Pump Storage Power Project» ក្នុងប្រទេសឡាវ មកប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសឡាវ។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសឡាវ នាពេលនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំង ពង្រឹង មូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំង ពីរ។

កម្ពុជា និងឡាវ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦។ ទំនាក់​ទំនង​កម្ពុជា និងឡាវត្រូវបានលើកកម្ពស់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងឱកាស​ទស្សន​កិច្ច​ផ្លូវ​ការរបស់​នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជានៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩៕