(ឡាវ, វៀងច័ន្ទ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកនាយករដ្ឋមន្រ្តីឡាវ សនសៃ ស៊ីផាន់ដន បានសម្តែងការស្វាគមន៍ចំពោះការចាប់ផ្តើមបើកការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ សម្រាប់ទិសដៅទៅមករវាងភ្នំពេញ-វៀងច័ន្ទ ដែលបានចាប់ផ្តើម កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ។

​ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ នាថ្ងៃទី២៥ ខែមីនា នៅទីក្រុងវៀងច័ន្ទ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចាប់ផ្តើមនូវជើងហោះហើរនេះ នឹងចូលរួមចំណែកថែមទៀតដល់កំណើនភ្ញៀវទេសចរ ពាណិជ្ជកម្ម និងវិស័យសំខាន់ៗផ្សេងទៀតរបស់ប្រទេសទាំងពីរ។

សម្តេចធិបតីបន្ថែមទៀតថា«យើងក៏បានពិភាក្សាអំពីគម្រោងលម្អិត និងគំនិតផ្តួចផ្តើមផ្សេងៗទៀត ដើម្បីតភ្ជាប់ប្រជាជន និងប្រជាជនផងដែរ»

​សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានចាប់ផ្តើមតភ្ជាប់ជើងហោះហើរឡើងវិញរវាងរាជធានីភ្នំពេញ-ទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤​ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ទៅមករវាងភ្នំពេញ-វៀងចន្ទន៍ ដោយជើងដំបូង​ កម្ពុជាបានស្វាគមន៍អ្នកដំណើរជាង១០០នាក់ពីឡាវ ចំណែកអ្នកដំណើរពីភ្នំពេញទៅវៀងចន្ទន៍ មានចំនួន៨៦នាក់។

សម្រាប់ការតភ្ជាប់ហោះហើរឡើងវិញនេះ នឹងធ្វើការហោះហើរក្នុងមួយសប្តាហ៍ចំនួន៣ជើង គឺថ្ងៃអង្គារ-ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះ Air Bus320 ឬ ATR 72។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ ធ្លាប់បានធ្វើការហោះហើរត្រង់លើកំណាត់ផ្លូវវៀងចន្ទ-ភ្នំពេញ-វៀងចន្ទ តាំងពីអំឡុងទសវត្សរ៍៨០ រហូតដល់ពាក់កណ្តាលទសវត្សរ៍២០០០។ តែដោយសារកត្តាទីផ្សារបានធ្វើឱ្យការហោះហើរលើកំណាត់ផ្លូវនេះ ត្រូវបានផ្អាកមួយរយៈ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ឡាវ បានប្រើប្រាស់សិទ្ធិហោះហើររបស់ខ្លួនលើកំណាត់ផ្លូវនេះ ជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Codeshare agreement)។

​យោងតាមរបាយការណ៍ កាលពីឆ្នាំ២០២៣កន្លងទៅនេះ ភ្ញៀវទេសចរឡាវ ដែលបានមកលេងកម្ពុជាមានចំនួនសរុបជាង ៣៧ម៉ឺននាក់ កើនឡើងរហូតដល់ទៅ៣០% ដែលធ្វើឱ្យឡាវគឺជាភ្ញៀវទេសចរបរទេសធំទី៤ ដែលបានធ្វើដំណើរមកកម្សាន្តនៅក្នុងប្រទេសកម្ពុជាច្រើនជាងគេ៕