(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្ររដ្ឋាភិបាលឡាវ ដែលត្រូវធ្វើជាប្រធានអាស៊ានប្តូរវេន ហើយក៏ផ្តល់ថវិកាចំនួន ១លានដុល្លារអាមេរិក សម្រាប់រៀបចំកិច្ចប្រជុំនានា។

ការប្រកាសនេះ ធ្វើឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួមជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមគូសបញ្ជាក់សាជាថ្មី កម្ពុជាគាំទ្រទាំងស្រុងប្រទេសឡាវ ជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៤ និងចំពោះតួនាទី និងបេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ា។ ក្នុងស្មារតីនេះ កម្ពុជាសូមចូលរួមជាមួយឡាវនូវថវិកា ១លានដុល្លារ ក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ»

សូមជម្រាបថា ប្រទេសឡាវ នឹងគ្រងតំណែងជាប្រធានអាស៊ានប្ដូរវេន ជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។ នេះជាលើកទី៣ ដែលឡាវត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន៕