(ឡាវ, វៀងច័ន្ទ)៖ ក្នុងក្របខណ្ឌទ្វេភាគីការងារសំខាន់ៗចំនួន៦ គ្របដណ្តប់ទៅលើកិច្ចការព្រំដែន សន្តិ​សុខ និងសេដ្ឋកិច្ច ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ លើកមកជជែកពិភាក្សាក្នុងជំនួបទ្វេភាគី​នៃដំណើរ​ទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤នេះ។

ក្ន​ុងសន្និសីទរួមគ្នាក្រោយបញ្ចប់ជំនួបទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងក្របខណ្ឌ​ទ្វេ​ភាគី ​មានកិច្ចការ​សំខាន់ៗ​ចំនួន៦ ត្រូវបានសម្តេច និងលោក សនសៃ ស៊ីផាន់ដន លើកមកជជែក​ពិភាក្សា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត កិច្ចការទាំង៦នោះរួមមាន៖

១៖ វិស័យថាមពល៖ ពាក់ព័ន្ធវិស័យថាមពលនេះ កម្ពុជា បានអរគុណឡាវ ដែលបានជួយផ្គត់ផ្គង់​ថាម​ពល​ជាបន្តបន្ទាប់។ បន្ថែមពីលើនោះភាគីទាំងពីរ បានហត្ថលេខាលើកិច្ចព្រមព្រាងស្តីពីកិច្ចសហប្រតិ​បត្តិ​ការលើវិស័យថាមពលដំណាក់កាលទី២ អមដោយអនុស្សារណៈយោគយល់ចំនួន៤។ គោលដៅ គឺបន្ត​ធានា​​ការផ្គត់ផ្គង់ប្រភពថាមពលដល់កម្ពុជា។

២៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ ភាគីទាំងពីរបានពិភាក្សាគ្នាលើសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំលើក​ទី១៥​ នៃគណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការJCBC, ការដាក់ឱ្យដំណើរការឡើងវិញ គណៈ​កម្ម​ការ​​ពាណិជ្ជកម្មចម្រុះ ជាមួយការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ និងការពង្រីកសមា​ហរណ​កម្មសេដ្ឋកិច្ច​តាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្មលើវិស័យសេវាកម្ម ដូចជាសេវាហិរញ្ញវត្ថុ ដឹកទំន​ិញផ្លូវគោក និងទេស​ចរណ៍។

៣៖ ការតភ្ជាប់រវាងប្រទេសទាំងពីរ៖ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានស្វាគមន៍ការចាប់ផ្តើមការហោះ​ហើរ​ត្រង់របស់ក្រុមហ៊ុនឡាវអ៊ែរឡាញវៀងច័ន្ទ-ភ្នំពេញ ដែលនឹងចូលរួមចំណែកថែមទៀតដល់​កំណើន​ទេសចរណ៍ ពាណិជ្ជកម្ម និងវិស័យសំខាន់ៗផ្សេងទៀតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានពិភាក្សា​លើ​គម្រោងលំអិត និងគំនិតផ្តួចផ្តើមផ្សេងៗទៀត សម្រាប់តភ្ជាប់ប្រជាជន និងប្រជាជនផងដែរ។

៤៖ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ៖ ភាគីទាំងពីរ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ​តាមបណ្តោយព្រំដែន ជាពិសេសការជួបប្រាស្រ័យទាក់ទងរបស់ថ្នាក់ដឹកនាំទាំងក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ។ ជាពិសេសការប្រាស្រ័យទាក់ទង សហការគ្នាទៅលើកិច្ចសហប្រតិបត្តិការ​យោធាដែល​មានស្រាប់ ព្រមទាំងពង្រឹងការទប់ស្កាត់ ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស និង​គ្រឿងញៀន។

៥៖ កិច្ចការព្រំដែន៖ ប្រទេសទាំងពីរ បានផ្លាស់ប្តូរលិខិតតូបករណ៍សច្ចាប័នលើសន្ធិសញ្ញា​កំណត់ព្រំដែន​រវាង​ប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និងបានចុះហត្ថ​លេខា​លើ​កំណត់​ហេតុស្តីពីការផ្លាស់ប្តូរលិខិតតូបករណ៍សច្ចាប័ននេះ។ ជាមួយមូលដ្ឋានច្បាប់ដ៏រឹងមាំនេះ កម្ពុជា​រំពឹង​ថា ភាគីទាំងពីរនឹងអនុវត្តន៍បានឆាប់ ពេញលេញ និងប្រកបដោយប្រសិទ្ធភាពលើសន្ធិសញ្ញា​កំណត់​ព្រំដែនរដ្ឋ។ ជាពិសេសការកំណត់ខ្សែបន្ទាត់ព្រំដែនដើរតាមផ្លូវទឹក និងបណ្តោយព្រំដែនទាំងមូលតាម​ការ​ឯក​ភាពគ្នា ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងអនុវត្តន៍តាមគោលការណ៍ឧត្តនវានុវត្តន៍​អន្តរ​ជាតិដែល​មានចែងក្នុងប្រការ២សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវឆ្នាំ២០២៣។

កិច្ចការទី៦ គឺភាគីទាំងពីរ បានពិភាក្សាលើវិធានការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ អប់រំ កីឡា និងកសិកម្មផងដែរ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសឡាវ។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសឡាវ នាពេលនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំង ពង្រឹង មូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំង ពីរ។

កម្ពុជា និងឡាវ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦។ ទំនាក់​ទំនង​កម្ពុជា និងឡាវត្រូវបានលើកកម្ពស់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងឱកាស​ទស្សន​កិច្ច​ផ្លូវ​ការរបស់​នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជានៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩៕