(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ ដុង ជីន (DONG JUN) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅរដ្ឋធានីប៉េកាំង។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថាអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ ដុង ជីន (DONG JUN) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងបានពាំនាំការការសួរសុខទុក្ខ និងអបអរសាទរពី សម្តេចធិបតី នាយករដ្ឋមន្ត្រី និង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ដុង ជីន ក្នុងឱកាសដែល ឯកឧត្តម ទទួលបានការតែងតាំង ជារដ្ឋមន្រ្តីការពារជាតិ កាលពីខែធ្នូកន្លងទៅថ្មីៗនេះ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្តថា ទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ ដែលបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៥៨ ត្រូវបានពង្រឹង និងពង្រីកក្នុងក្របខ័ណ្ឌមួយ ដែលត្រូវបានលើកកម្ពស់កាន់តែឈានឡើងរឹងមាំជាបន្តបន្ទាប់ និងបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពជើងគោករំដោះប្រជាជនចិន ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ ដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាព គុណភាពទ័ព ក្នុងរយៈពេលកន្លងមក។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានស្នើ នាយឧត្តមសេនីយ៍ ដុង ជីន (DONG JUN) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បន្តគាំទ្រដល់គោលគំនិតកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នា្នកន្លងទៅ ដើម្បីចូលរួមចំណែកគាំទ្រដល់ដំណើការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងយូរអង្វែង។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ដុង ជីន (DONG JUN) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថាមិត្តភាពចិន-កម្ពុជា នាពេលនេះ គឺបានឈានដល់ចំនុចកំពូល ហើយក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ការកសាងសហគមន៍វាសនារួមគ្នា ចិន-កម្ពុជា បានឈានចូលយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

នាយឧត្តមសេនីយ៍ ដុង ជីន (DONG JUN) បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការយោធា ដែលសម្រេចបាននាពេលកន្លងមក មានដូចជាវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ការធ្វើលំហាត់រួមគ្នា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងជាពិសេសការចុះហត្ថលេខាលើ អនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលជាលទ្ធផលកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អតីតមេបញ្ជាការកងទ័ពជើងគោក សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។

នាយឧត្តមសេនីយ៍ ដុង ជីន (DONG JUN) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពជាគោលការណ៍ គាំទ្រដល់គោលគំនិតកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរនិងលើកទឹកចិត្តឲ្យកងទ័ពប្រទេសទាំងពីរ បន្តស៊ីជម្រៅទំនាក់ទំនងយុទ្ធសាស្រ្ធ និងបន្តពង្រឹងយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបន្តពង្រឹងគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពទាំងពីរ ចិន-កម្ពុជា។