(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងជួបពិភាក្សាធុរកិច្ចជាមួយភាគីចិន និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងវិស័យឯកជនប្រទេសទាំងពីរ ក៏ដូចជាជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសចិន និងកម្ពុជា។

គួរបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា និងវេទិកាបូអាវសម្រាប់អាស៊ីធ្លាប់បានសហការរៀបចំដោយជោគជ័យនូវវេទិកាបូអាវសម្រាប់អាស៊ី-សន្និសីទភ្នំពេញ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ការស្វែងរកការអភិវឌ្ឍនិងភាពឈ្នះ-ឈ្នះរួមគ្នា៖ កិច្ចប្រឹងប្រែងរួមគ្នាក្នុងការនាំមកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ក្នុងសម័យកាលថ្មីមួយ»៕