(ក្រចេះ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ គឹជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ប្រជាជនខេត្តក្រចេះ បានទទួលនូវសេរីភាពរួចចាកផុតពីការគំរាមកំហែងដោយសារមីន។ រយៈពេល២០ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ នៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទឹកដីខេត្តក្រចេះ ក្នុងទំហំផ្ទៃដីជាង ១៣៣ គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៩៥ ចម្ការមីន និងគ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីន និងសំណល់ជាតិផ្ទុះផ្សេងទៀត ប្រមាណ ៦ម៉ឺនគ្រាប់ ព្រមទាំងផ្តលផលប្រយោជន៍ ជូនប្រជាពលរដ្ឋជិត៤០ម៉ឺននាក់។

ពិធីប្រកាសខេត្តក្រចេះ ជាខេត្តទី១៥ អស់មីន បានប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្តក្រចេះ ក្រោមអធិបតីភាពខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមានវត្តមានអញ្ជើញចូលរួមពីលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក លោកស្រី ជាសមាជិក ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ នៃខេត្តក្រចេះយ៉ាងច្រើនកុះករ។

សមិទ្ធផលខេត្តក្រចេះអស់មីន គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀតក្នុងរយៈ ពេលជាង៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួមដ៏សប្បុរសបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។ រយៈពេលជាង៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ មានខេត្ត ចំនួន៣ ត្រូវបាន ប្រកាសជាខេត្តអស់មីនរួមមាន ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងថា រយៈជាង៤០ឆ្នាំនេះ ប្រជាពលរដ្ឋខេត្តក្រចេះ បានរស់នៅ និងរងគ្រោះដោយសាឃាតករលាក់មុខ (គ្រាប់មីន) និងបានបណ្តាលឲ្យប្រជាពលរដ្ឋក្លាយជាអ្នកកំព្រា អ្នកមេម៉ាយ ពោះម៉ាយ តែពេលនេះខេត្តក្រចេះអស់មីន គឺបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ខេត្តផងដែរ។

លោកបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា រយៈពេលជាង៣០ឆ្នាំ ចាប់ពី ឆ្នាំ១៩៩២ រហូត ដល់ឆ្នាំ២០២៣ កម្ពុជាបានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ៣.០២៤គីឡូម៉ែត្រក្រឡា សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧៦% ហេដ្ឋារចនាសម្ព័ន្ធ៥% និងផ្សេងៗ១៩% រួមមាន៖

*ការសាងសង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយប្រជាពលរដ្ឋទទួលផលជាង ១១លាននាក់ ក្នុងនោះខេត្តចំនួន ១៥ត្រូវបានប្រកាសជាខេត្តអស់មីន រួមទាំងខេត្តក្រចេះនាថ្ងៃនេះ។

ទេសរដ្ឋមន្រ្តី បានជម្រាបជូនថា ចំនួនជនរងគ្រោះបានថយចុះពី ៤៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៣២នាក់ ក្នុងឆ្នាំ២០២៣ និងមកនៅក្រោម ១០០នាក់ក្នុងមួយឆ្នាំជាមធ្យមរយៈពេល ១០ឆ្នាំ និងមកក្រោម ៥០នាក់ ក្នុង មួយឆ្នាំជាមធ្យមរយៈពេល ៥ឆ្នាំចុងក្រោយ។

ដោយឡែក ឆ្នាំ២០២៣ គឺជាឆ្នាំប្រវត្តិសាស្រ្ត នៃការងារបោសសម្អាតមីន និងគ្រាប់ដែលរាជដ្ឋាភិបាល បានបោសសម្អាតច្រើនជាងគេ ក្នុងរយៈពេលជាង៣០ឆ្នាំ ក្នុងផ្ទៃដីចំនួន ៤៤៤គីឡូម៉ែត្រក្រឡា ដោយបានរកឃើញ និង បំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ២៣៩៤៦គ្រាប់មីន ប្រឆាំងរថក្រោះចំនួន ២០៤គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៦៦៣៧៤គ្រាប់។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការអរគុណ ដឹងគុណយុទ្ធជន និងយុវនារី ដែលបានពលីជីវិតដើម្បីរំដោះជាតិ រក្សាសុខសន្តិភាពនៅកម្ពុជាបានយ៉ាងរឹងមាំ។ សម្តេច ម៉ែន សំអន បានលើកឡើងថា កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា បានចាប់ផ្តើមឡើងនៅឆ្នាំ១៩៩២ ដើម្បីឆ្លើយតបបន្ទាន់នឹងការធ្វើមាតុភូមិនិវត្តន៍ របស់ជនភៀសខ្លួន។

ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព នៅឆ្នាំ១៩៩៧ កម្ពុជាបានចុះហត្ថលេខា និងបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំង មនុស្ស (ឬហៅកាត់ថា អនុសញ្ញាអូតាវ៉ា) ក្នុងឆ្នាំ២០០០ ហើយដែលពេលនេះមាន ប្រទេសចំនួន១៦៤ជាសមាជិក។

នៅឆ្នាំ១៩៩៨ តាមរយៈ នយោបាយឈ្នះឈ្នះដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព បានធ្វើឱ្យកម្ពុជាបញ្ចប់ដោយជោគជ័យនូវសង្គ្រាមដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយពេលជាងបីទសវត្សរ៍ និងបានបិទបញ្ចប់ ទាំងស្រុងនូវ អង្គការចាត់តាំងទាំងខាងនយោបាយនិងយោធានៃរបបប្រល័យពូជសាសន៍ប៉ុលពត។ ភាពជោគជ័យជាប្រវត្តិសាស្ត្រនេះ បាននាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី និងសុខសន្តិភាពពេញលេញ ជូនប្រទេសជាតិ និងប្រជាជន។ ការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មិនត្រឹមតែធានាការពារដល់អាយុជីវិតមនុស្ស សត្វ តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ និង រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទៀតផង។

កម្ពុជាបានបង្ហាញដល់ សហគមន៍អន្តរជាតិនូវសមត្ថភាពពេញលេញ ក្នុងការដោះស្រាយបញ្ហា បោសសម្អាតគ្រាប់មីន ដោយបានបញ្ជូនកងកម្លាំងដោះមីនទៅកាន់ ប្រទេសនានា តាមរយៈបេសកកម្មរបស់អង្គការសហប្រជាជាតិ។
បច្ចុប្បន្នកម្ពុជា នៅមានផ្ទៃដីមានការគំរាមប្រមាណ១.៨៥៤ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីមានមីន មានប្រមាណ៥៣៣ គីឡូម៉ែត្រការ៉េ ដែលកម្ពុជាមានមហិច្ឆតាបញ្ចប់ការងារបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ២០២៥។

ចាប់ពីឆ្នាំ២០២២ កម្ពុជាបានប្រកាសរាជធានី ខេត្តចំនួន១៤ ជារាជធានី ខេត្តអស់មីន រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី។ ឆ្នាំ២០២៤នេះ កម្ពុជា គ្រោងប្រកាសខេត្តចំនួន ៤បន្ថែមទៀត រួមមាន៖ ខេត្តក្រចេះដែលប្រកាស នៅថ្ងៃនេះ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តរតនគិរី ជាខេត្តអស់មីន។

នៅក្នុងឱកាសនៃអង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិត បានសំណូមពរដល់អាជ្ញាធរមីន ប្រតិបត្តិករជាតិ អន្តរជាតិទាំងអស់ ផ្តល់នូវកិច្ច សហការ ជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បង្កើនការចូលរួមឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការអប់រំ និង ផ្សព្វផ្សាយ ការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមដល់ ប្រជាសហគមន៍ សិស្សានុសិស្ស និងកុមារា កុមារី ដែលរស់នៅក្បែរតំបន់ដែលមានចម្ការមីន និងតំបន់ ដែលមាន បន្សល់នូវសំណល់ជាតិផ្ទុះពីសង្គ្រាមនិង ស្នើសុំដល់អាជ្ញាធរមីន រៀបចំកំណត់តំបន់ និងបរិវេណ ទីតាំង ដែលមាន ចំការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបាន ច្បាស់លាស់ ហើយលើក ស្លាកសញ្ញាបង្ហាញ លើទីតាំងដែលមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញច្បាស់ ដែលអាចជៀសវាង បាននូវគ្រោះថ្នាក់ដែលអាចកើតមាន ឡើងជាយថាហេតុ៕