(ភ្នំពេញ)៖ ក្រសួងសុខាភិបាល សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំពិធីផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួងសុខាភិបាល ដែលប្រព្រឹត្ដទៅទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធីបតីភាព លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលពីលោក ស៊ុំ សោភណ្ឌ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. គឺជាកម្មវិធីអាទិភាព១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការដាក់ឱ្យដំណើរការកម្មវិធីនេះ មានគោលបំណងពង្រីកវិសាលភាពនៃការផ្តល់ការថែទាំសុខភាព បន្ថែមពីសមាជិក ប.ស.ស. ជាបងប្អូនកម្មករនិយោជិត និងមន្រ្តីសាធារណៈ ទៅដល់អ្នកដែលស្ថិតនៅក្នុងបន្ទុករបស់គាត់ ជាប្តី ប្រពន្ធ និងកូន ព្រមទាំងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធជាបុគ្គលស្វ័យនិយោជន៍។ ដើម្បីជំរុញការអនុវត្តកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ប្រកបដោយភាពជោគជ័យ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើយុទ្ធនាការផ្សព្វផ្សាយតាម ក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៤,៧៨៧លើក ដែលមានអ្នកចូលរួមចំនួនជាង ១លាន ៤០ម៉ឺននាក់ និងបានផ្សព្វផ្សាយផ្ទាល់ទៅដល់ក្រសួង-ស្ថាប័នសរុបចំនួន ២៤លើក ដែលមានមន្រ្តីសាធារណៈ ចូលរួមជាង ៩ពាន់នាក់ បើរាប់បញ្ចូលទាំងកម្មវិធីនៅក្រសួងសុខាភិបាលនាព្រឹកនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុំ សោភណ្ឌ។

លោក ស៊ុំ សោភណ្ឌ បានឱ្យដឹងថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធសន្តិសុខសង្គមត្រូវបានស្តារឡើងវិញជាជំហានៗ ដោយផ្តើមពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនរបស់មន្ត្រីសាធារណៈ និងផ្នែកប្រាក់ប៉ះពាល់សុខភាពកម្មករនិយោជិត ដែលធ្វើការនៅតាមរោងចក្រ សហគ្រាសរដ្ឋ ដែលអនុវត្តដោយនាយកដ្ឋានបៀវត្សពលកម្មនៃក្រសួងផែនការ។ ឆ្នាំ២០០២ ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារត្រូវបានដាក់ឱ្យអនុវត្ត ហើយបេឡាជាតិសន្តិសុខសង្គម ត្រូវបានបង្កើតនៅឆ្នាំ២០០៧។ នៅឆ្នាំ២០១៩ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីត្រូវបានរៀបចំ ដើម្បីឆ្លើយតបទៅនឹងការវិវត្តសេដ្ឋកិច្ច និងសង្គម ដែលផ្តល់អាណត្តិឱ្យបេឡាជាតិសន្តិសុខសង្គមក្នុងការអភិវឌ្ឍ និងអនុវត្តរបបសន្តិសុខសង្គមពេញលេញនៅកម្ពុជា រួមមាន (១) ផ្នែកហានិភ័យការងារ (២) ផ្នែកថែទាំសុខភាព, (៣) ផ្នែកប្រាក់សោធន និង (៤) ផ្នែកនិកម្មភាពការងារ។

លោក ស៊ុំ សោភណ្ឌ បានបន្ថែមពីលើនេះ «ការដាក់ឱ្យដំណើរការកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ គឺជាប្រវត្តិសាស្រ្តថ្មីមួយបន្ថែមសម្រាប់កម្ពុជា ដែលបានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យនិយោជន៍ភាគច្រើន ក៏ដូចជាក្តីប្រាថ្នារបស់កម្មករនិយោជិតភាគច្រើន និងបងប្អូនមន្រ្តីរាជការរបស់យើងផងដែរ ដែលចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ ពីព្រោះបច្ចុប្បន្ននេះ ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជនយើង ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន»

ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ចេញនូវយុទ្ឋសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាត្រីវិស័យបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែមានកំណើនសេដ្ឋកិច្ចរីកចម្រើន ក្នុងគោលដៅដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋបន្ដអភិវឌ្ឍន៍ និងពង្រីកប្រព័ន្ធគាំពារសង្គមឈរលើស្មាតី «មិនបោះបង់ពលរដ្ឋណាម្នាក់» តាមរយៈការពង្រីកវិសាលភាពគ្របដណ្ដប់ប្រជាពលរដ្ឋជាបណ្តើរៗ ប្រកបដោយសមធម៌ និងចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌សម្រាប់ភាពសុខដុមនៃសង្គមជាតិ។ 

ប្រព័ន្ធសន្ដិសុខសង្គម ជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្ដិសុខសង្គម ដែលរៀបចំឡើងដើម្បីជួយដល់ប្រជាជន ក្នុងការបង្ការហានីភ័យហិរញ្ញវត្ថុ ពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល ឬធ្លាក់ចូលក្នុងភាពក្រីក្រដែលបណ្ដាលមកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព (ឬចូលនិវត្តន៍) និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ នឹងជំរុញឱ្យប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់ នៅក្នុងមូលនិធិមួយដើម្បីការពារហានិភ័យទាំងអស់នេះ។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើដល់មន្រ្តីរាជការ ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសកម្ពុជា និងក៏ដូចជាប្រព័ន្ធសន្ដិសុខសង្គមនៅកម្ពុជាឱ្យមានភាពរឹងមាំ ដោយចូលរួមអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតដ្ឋានគតិយុត្តទាំងអស់ដែលពាក់ព័ន្ឋនឹងរបបសន្តិសុខសង្គមដែលមានជាធរមាន ដើម្បីសំដៅធានាការលើកកម្ពស់សុខុមាលភាព និងអត្ថប្រយោជន៍មន្រ្តីរាជការសាធារណៈ និងអ្នកក្នុងបន្ទុកឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ សូមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល ទាំងអស់ជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់សមាជិកគ្រួសារ ដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅទីតាំងសាខា ប.ស.ស. ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ពីសន្តិសុខសង្គម។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិសន្ដិសុខសង្គម ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារៈកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទនៈជូនជាតិ និងប្រជាជន និងសូមកោតសរសើរចំពោះការចូលរួមអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងបន្ដចូលរួមអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលថ្មីៗនេះ។

គូសរំលេចថា បច្ចុប្បន្នរាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្ដអនុវត្តនូវកម្មវិធីជំនួយសង្គមសំខាន់ៗមួយចំនួន រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ កម្មវិធីអាហារូបករណ៍ថ្នាក់បឋមសិក្សា និងមធ្យម សិក្សាសម្រាប់កុមារមកពីគ្រួសារក្រីក្រ កម្មវិធីរបបគោលនយោបាយសម្រាប់ជនពិការក្នុងសហគមន៍ និងកម្មវិធីសាច់ប្រាក់ពលកម្មជាដើម៕