(ភ្នំពេញ)៖ កម្ពុជានឹងខំពង្រឹងនិងពង្រីកការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទីផ្សារចិន ឥណ្ឌា អូស្ត្រាលី និងជំរុញការអនុវត្តអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការវាងកម្ពុជានិងម៉ាល់ឌីវ សំដៅទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើន។

ការណ៍នេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍។

អង្គប្រជុំក៏បានឯកភាពក្នុងការការពង្រឹងនិងពង្រីកទីផ្សារទេសចរណ៍ថ្មីៗបន្ថែម ដូចជាទីផ្សារចិន ឥណ្ឌា អូស្ត្រាលី ការជំរុញការអនុវត្តកិច្ចអនុស្សរណៈស្តីពីកិច្ច្ចសហប្រតិបត្តិការណ៍វិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាល់ឌីវ រួមជាមួយជំរុញការអនុវត្តនូវគំនិតផ្តួចផ្តើម «ប្រទេសបី គោលដៅមួយ (Three Countries, One Destination)» ជាដើម។

អង្គប្រជុំបានផ្សព្វផ្សាយអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងសេចក្តីសម្រេចលេខ៥៣ សសរ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍។

អង្គប្រជុំក៏បានផ្សព្វផ្សាយសារាចរណែនាំស្តីពីការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខ ដោយជំរុញឲ្យរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ចូលរួមអនុវត្តខ្លឹមសារសារាចរណែនាំនេះក្រោមស្មារតីទទួលខុសត្រូវខ្ពស់។

លោកទេសរដ្ឋមន្ត្រី ថោង ខុន បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់លើការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ តាមប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិសេសលើបញ្ហារៀបចំល្បែងកម្សាន្តតាមប្រពៃណីជាតិ អនាម័យ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពការធ្វើដំណើរ ការតុបតែងលម្អសោភ័ណភាព រួមទាំងសេវាកម្មទេសចរណ៍នានាផងដែរ។

ទន្ទឹមនឹងនេះ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ក៏បានបង្ហាញអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសផែនការសកម្មភាពសំខាន់ៗសម្រាប់អនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤», «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤», «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ឆ្នាំ២០២៤»

អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងខាងលើរបស់ក្រសួងទេសចរណ៍និងអបអរសាទរចំពោះការបើកប្រត្តិបត្តិការហោះហើរទេសចរណ៍ជំហានដំបូងរវាងកម្ពុជា-ឥណ្ឌា ដោយក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរ នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ និងសូមស្នើឱ្យក្រសួងទេសចរណ៍បន្តជំរុញយុទ្ធនាការទាំង៣ខាងលើ និងយកចិត្តទុកដាក់ជំរុញការអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ដែលបានទទួលការអនុម័តពីរាជរដ្ឋាភិបាលរួចហើយ ដូចជាផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប (២០២១-២០៣៥) ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប (២០២៣-២០៣៥) និងយកចិត្តទុកដាក់រៀបចំគោលនយោបាយទេសចរណ៍ពិសិដ្ឋឱ្យបានរហ័សជាដើម៕