(កំពង់ឆ្នាំង)៖ ក្រុមការងារចុះបញ្ជីដីធ្លីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បាននិងកំពុងចាប់ផ្ដើមអនុវត្តចុះវាស់វែងកំណត់ព្រំ និងចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងក្រុមវិនិច្ឆ័យបំពេញទម្រង់បែបបទ នៃការប្រមូលទិន្នន័យក្បាលដី ជូនប្រជាពលរដ្ឋ ជាលើកដំបូងនៅ ក្នុងឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលឃុំមួយនេះ ត្រូវបានចាប់ផ្ដើមអនុវត្តមុនគេក្នុងចំណោមឃុំទាំង៩ ក្នុងស្រុកកំពង់លែង។

លោក ឈឿន ព្រួញ ប្រធានការិយាល័យភូមិបាលស្រុកកំពង់លែង ដែលលោកបានដឹកនាំក្រុមការងារចុះវាស់វែង និងវិនិច្ឆ័យប្រមូលទិន្នន័យក្បាលដី ជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំដា ស្រុកកំពង់លែង ខាងលើនេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ឲ្យដឹងថា នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនេះ គឺក្រុមការងាររបស់លោក ដែលមានមន្ត្រី និងអ្នកស្ម័គ្រចិត្ត បានចាប់ផ្ដើមអនុវត្តការងារវាស់វែងនៅលើទីតាំងក្នុងឃុំដា នេះមុនគេដោយបានចាប់ផ្ដើមជាច្រើនថ្ងៃមកហើយ។

លោកបានបញ្ជាក់ថា ការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យប្រមូលទិន្នន័យក្បាលដីជូនប្រ ជាពលរដ្ឋបច្ចុប្បន្ននេះ គឺដំណើរការពុំសូវបានលឿននោះទេ ដោយសារប្រជាពលរដ្ឋជួបបញ្ហាទៅលើការខ្វះឯកសារពាក់ព័ន្ធមួយចំនួន ដែលពួកគាត់ពុំទាន់មាន ហើយអ្នកខ្លះត្រូវធ្វើថ្មីនិងខ្លះទៀតត្រូវថតចម្លងនៅសាលាស្រុក ចំណែកក្រុមការងារថតចម្លងឯក សារនៅក្នុងសាលាស្រុកទៀតសោត ក៏កំពុងតែមមាញឹកដោយសារតែប្រជាពលរដ្ឋសម្រុកនាំគ្នា ទៅធ្វើឯកសារទាំង៩ឃុំ ហេតុនេះទើបមានការយឺតយ៉ាវ។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលជាម្ចាស់ដីទាំងអស់ដើម្បីចូលរួមធ្វើប្លង់ដីកម្មសិទ្ធិបា នពួកគាត់ត្រូវមានឯកសារដូចខាងក្រោម៖

(ករណីនៅលីវត្រូវមាន)

១-សេចក្តីចម្លងសំបុត្រកំណើត
២-អត្តសញ្ញាណប័ណ្ណ
៣-លិខិតបញ្ជាក់ភាពនៅលីវ

(ករណីមានប្ដីប្រពន្ធ)
១-សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍
២-សេចក្តីចម្លងសំបុត្រកំណើត
៣-សៀវភៅគ្រួសារ
៤-អត្តសញ្ញាណប័ណ្ណ

(ករណីមេម៉ាយ ឬពោះម៉ាយ)
១-សេចក្តីចម្លងសំបុត្រកំណើត
២-សៀវភៅគ្រួសារ
៣-អត្តសញ្ញាណប័ណ្ណ
៤-លិខិតបញ្ជាក់ពីស្ថានភាពមេម៉ាយឬពោះម៉ាយ មានដូចជាសំបុត្រមរណភាព,លិខិតលែងលះ ឬលិខិតចុះចោល។

ហេតុនេះពលរដ្ឋជាម្ចាស់ដីគ្រប់រូបត្រូវតែត្រៀមឯក សារដូចដែលបានបញ្ជាក់ជូនខាងលើនេះ ឲ្យហើយស្រេច ដើម្បីត្រៀមចូលរួមសហការជាមួយក្រុមការ ងារវាស់វែងដីធ្លីរបស់លោក ទើបប្រព្រឹត្តទៅបានលឿនរហ័ស។

លោក ណន រ៉ូប៊ែរ ជន្ទប់ទីមួយឃុំដា ស្រុកកំពង់លែង បានឲ្យដឹងដែរថា ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ក្រុមការងារវាស់វែងដីធ្លីបានផ្ដល់អាទិភាពឱ្យឃុំដា របស់លោកបានធ្វើមុនគេ ដែលប្រជាពលរដ្ឋមានក្តីរីករាយឥតឧបមា ដែលបានក្រុមការងារចុះមកវាស់វែងជូនពួកគាត់ ទាំងដីលំនៅដ្ឋាន និងដីស្រែក្នុងតំបន់១ ដើម្បីផ្ដល់បណ្ណ័កម្មសិទ្ធិស្រប ច្បាប់ជូនពួកគាត់សម្រាប់យកទៅប្រើប្រាស់ទៅតាមតម្រូវការចាំបាច់ផ្សេងៗ។

ការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពល រដ្ឋខាងលើនេះដែរ គឺមានអត្ថប្រយោជន៍ច្រើនណាស់ ការទំនាស់ព្រំដី និងទំនាស់ផ្សេងៗពាក់ព័ន្ធនឹងផលប្រយោជន៍ដីធ្លីក៏ត្រូវលុបបំបាត់មិនមានទៀតនោះឡើយ។
ម្យ៉ាងទៀតបង្កការងាយស្រួលដល់ប្រ ជាពលរដ្ឋក្នុងការបែងចែកដីធ្លីជូនដល់កូនចៅ ញាតិ សន្តាន សាច់សារលោហិត ពិសេសគឺតម្រូវការផ្សេងៗដូចជាការកម្ចីប្រាក់ពីឥណទាន ដើម្បីយកប្រាក់ម កប្រកបមុខរបររកស៉ីចិញ្ចឹមជីវិត ក៏មានភាពងាយ ស្រួល។

ឆ្លៀតក្នុងឱកាសនេះលោកជំទប់ទី១ ក៏សូមថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសគឺសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលដែលសម្ដេចបានបន្តគិតគូរដល់ ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈដែលជួបការលំបាករួមទាំងការផ្ដល់នូវប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដល់ប្រជាពលរដ្ឋដើម្បីបង្កការងាយស្រួលសម្រាប់តម្រូវការ ចាំបាច់ផ្សេងៗក្នុងក្រុមគ្រួសារទៀតផង។ ពិសេសជាងនេះទៅទៀតនោះគឺមិនធ្វើឲ្យអាជ្ញាធរពិបាកក្នុងការដោះស្រាយទំនាស់ព្រំដី និងទំនាស់ផលប្រយោជន៍ផ្សេងៗដែលកើតចេញអំពីដីធ្លីជាបន្តទៀតផងដែរ៕