(កំពង់ធំ)៖ លោក សូរហ៊ាន ឆេងអាន អនុប្រធានមន្ទីរព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ អង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ (កូហ្វាព) សហការជាមួយអង្គការ BBC Media Action និងដៃគូមន្ទីរពាក់ព័ន្ធធ្វើទស្សនកិច្ចស្វែងយល់ និងដកស្រង់បទពិសោធន៍ព្រមទាំងចែករំលែកនៅចំណេះដឹងថ្មីៗទាក់ទងនឹងការផ្សព្វផ្សាយពីការគ្រប់គ្រងគ្រោះអន្តរាយ។

នាឱកាសនោះលោក យឹម ប៊ុនថេង នាយកប្រតិបត្តិអង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ (កូហ្វាព) បានលើកឡើងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីផ្សព្វផ្សាយការប្រាស្រ័យទាក់ទងហានិភ័យ គ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ផ្ដល់ចំណេះដឹងនិងជំនាញចាំបាច់ដល់អ្នកចូលរួមដោយផ្ដោតទៅលើចំណុចសំខាន់ៗចំនួន៣៖

១៖ ពង្រឹងការយល់ដឹងអំពីគោលការណ៍ និងការអនុវត្តនៃការប្រាស្រ័យទាក់ទងហានិភ័យគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
២៖ បង្កើនចំណេះដឹងអំពីឧបករណ៍ទំនាក់ទំនងដែលមាន និងធនធានសម្រាប់ការផ្សព្វផ្សាយព័ត៌មានហានិភ័យគ្រោះមហន្តរាយ
៣៖ ជំរុញកិច្ចសហការនិងការផ្លាស់ប្ដូរចំណេះដឹងក្នុងចំណោមភាគីពាក់ព័ន្ធដែលពាក់ព័ន្ធនឹងការកាត់បន្ថយហានិភ័យគ្រោះមន្តរាយ

លោក សូរហ៊ាន ឆេងអាន បានថ្លែងអំណរគុណដល់អង្គការដៃគូ និងក្រុមការងារទាំងអស់ដែលបានចូលរួមធ្វើទស្សនកិច្ចនៅមន្ទីរព័ត៌មាន ដើម្បីស្វែងយល់ និងដកស្រស់បទពិសោធន៍ព្រមទាំងផ្ដល់នូវចំណេះដឹងថ្មីៗ ដើម្បីជាប្រយោជន៍ក្នុងការទំនាក់ទំនង និងផ្ដល់ព័ត៌មានពីគ្រោះមហន្តរាយនេះប្រកបដោយប្រសិទ្ធភាព និងប្ដេជ្ញាគាំទ្រនៅសកម្មភាពនេះ ដើម្បីធ្វើចែករំលែក និងបំពេញនូវចំណុចខ្វះខាតព្រមទាំងជំរុញឱ្យមន្ទីរជំនាញមានការអភិវឌ្ឍ និងរីកចម្រើន។

លោកបានបន្តថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការបញ្ជ្រាបការប្រាស្រ័យទាក់ទងហានិភ័យគ្រោះមន្តរាយនៅក្នុងអង្គការបណ្ដាញសង្គមស៊ីវិលរបស់ពួកគេផ្ទាល់ និងអនុវត្តជាក់ស្ដែងអំពីការប្រាស្រ័យទាក់ទងហានិភ័យគ្រោះអន្តរាយដោយប្រសិទ្ធភាពព្រមទាំងមានឆន្ទៈ ដើម្បីបន្តកិច្ចសហការជាមួយភាគីពាក់ព័ន្ធលើការប្រាស្រ័យទាក់ទងហានិភ័យគ្រោះមហន្តរាយ។

លោក សូរហ៊ាន ឆេងអាន សង្ឃឹមថាដំណើរទស្សនកិច្ចនៅថ្ងៃនេះពិតជាបានផ្ដល់នូវផ្លែផ្កាជាវិជ្ជមានដល់អង្គការដៃគូពាក់ព័ន្ធទាំងអស់ពិសេសក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីទុកជាបទពិសោធន៍ និងអភិវឌ្ឍន៍ដល់ស្ថាប័នជំនាញប្រកបទៅដោយគុណភាពហើយស្របទៅតាមយុគសម័យបច្ចេកវិទ្យាឌីជីថល ពិសេសផ្សពផ្សាយឱ្យដល់ប្រជាពលរដ្ឋនៅតំបន់ជនបទដាច់ស្រយាលពីការគ្រប់គ្រងគោះមហន្តរាយ៕