(ភ្នំពេញ)៖ ក្រោយខកខានជួបប្រជុំគ្នាដោយសារបញ្ហាជំងឺកូវីដ១៩ រហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជា និង បានបើកកិច្ចប្រជុំទ្វេភាគីឡើងវិញហើយដែលជាកិច្ចប្រជុំលើកទី១៤ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងជាប្រធានក្រុមភាគីកម្ពុជា និងឧត្តមសេនីយ៍ឯក ផានូរ៉ាត លូកប៊ូន (Phanurat Lukboon) អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ជាប្រធានក្រុមភាគីថៃ។

ថ្លែងក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍មាស វិរិទ្ធ បានជម្រាបជូនពីលទ្ធផលការងារនិងអរគុណចំពោះរាជរដ្ឋាភិបាលថៃ និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ លើកិច្ចសហការ និងគាំទ្រស្ទើរគ្រប់វិស័យពិសេសក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាទាំងលើការងារអនុវត្តច្បាប់ ព្យាបាល ស្តារនីតិសម្បទា មន្ទីរពិសោធន៍ ការងារផ្សព្វផ្សាយ អប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងការអនុវត្តផែនការភូមិ ស គ្មានគ្រឿងញៀនពិសេសតាមរយៈឯកសារ អិលអូអេ (LOA) ដែលយើងបានអនុវត្តជាងរៀងរាល់ឆ្នាំ។

កិច្ចប្រជុំលើកទី១៤ នេះបានបន្តធ្វើការពិនិត្យ ពិភាក្សាលើកិច្ចការដែលបានសហការគ្នាអនុវត្តក្នុងពេលន្លងមក និងស្វែងរកវិធាន និងវិធីសាស្ត្រថ្មីៗបន្ថែមទៀតក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបបានជាក់ស្តែងទៅនឹងស្ថានភាព និងនិន្នាការបច្ចុប្បន្ន នៃបញ្ហាគ្រឿងញៀននៅក្នុងតំបន់ និងក្នុងប្រទេសទាំងពីរ ការបង្កើតបន្ថែមនូវសកម្មភាពអនុវត្តផែនការរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។

ផ្អែកលើលទ្ធផលជំនួបប្រជុំទ្វេភាគីលើកទី១៣កន្លងទៅ ឧត្តមសេនីយ៍ឯក ផានូរ៉ាត លូកប៊ូន បានកោតសសើរដល់កិច្ចសហការយ៉ាងល្អកម្ពុជា ថៃ ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់។ ប្រទេសថៃជាប្រទេសរងគ្រោះពីការលបលួចចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែនពិសេសនៅតំបន់ព្រំដែនភាគខាងជើង និងឥសាន្ត ពីតំបន់ត្រីកោណមាស។ ឈ្មួញគ្រឿងញៀនបរទេស បានប៉ុនប៉ងលបលួចប្រើប្រាស់អនុតំបន់ទន្លេមេគង្គដឹកជញ្ជូនគ្រឿងញៀនប្រភេទមេតំហ្វេមីន អិចស្តាស៊ី កេតាមីន ហេរ៉ូអ៉ីន និងសារធាតុគីមីផ្សំ ក្នុងនោះថៃជួបប្រទះនូវបញ្ហាប្រើប្រាស់ល្បាយមេតំហ្វេតាមីន កេតាមីន MDMA (ម្សៅទឹកសប្បាយ) Happy Water។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ផានុរ៉ាត លូកប៊ូន បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជា-ថៃ ត្រូវបន្តពង្រឹងការបង្ការទប់ស្កាត់ ដើម្បីកាត់ផ្តាច់សង្វាក់បណ្តាញឧក្រិដ្ឋជនដែលតែងតែលបលួចបង្វែរសារធាតុគីមីផ្សំទៅផលិតគ្រឿងញៀន។

តាមរយៈកិច្ចប្រជុំនេះកម្ពុជា-ថៃ បានរកឃើញនូវចំណុចគន្លឹះល្អៗនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតហើយជាប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរក៏ដូចតំបន់ទាំងមូល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពបន្តរឹតបន្តឹងនូវចំណងមិត្តភាពកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជួយគ្នាទៅវិញទៅមកដើម្បីពង្រឹងបាននូវប្រសិទ្ធភាព និងការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕